(ភ្នំពេញ)៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្ដែងការកោតសរសើរ ចំពោះសហព័ន្ធកីឡាចំបាប់កម្ពុជា ដែលខិតខំស្វះស្វែងរហូតនាំយកគ្រូបង្វឹកកម្រិតខ្ពស់មកដឹកនាំ និងអភិវឌ្ឍន៍ក្រុមជម្រើសជាតិ គឺលោក Komeil Ghasemi អតីតម្ចាស់មេដាយមាស និងមេដាយប្រាក់កីឡាអូឡាំពិក។
ការបង្ហាញសុទិដ្ឋិនិយមរបស់ប្រមុខអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាខាងលើ បន្ទាប់ពីលោក អ៊ុក សិទ្ធិជាតិ បានអនុញ្ញាតឲ្យលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់ជួបសម្ដែងការគួរសម្យ ក៏ដូចជាបង្ហាញ និងជួបសំណេះសំណាលជាមួយគ្រូបង្វឹកថ្មីរបស់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា គឺបុរសជនជាតិអ៊ីរ៉ង់ លោក Komeil Ghasemi នៅភោជនីយដ្ឋានមួយកន្លែងកាលពីម្សិលមិញ។
លោក អ៊ុក សិទ្ធិជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់ដែលបានស្នើសុំគោលការណ៍ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC ដើម្បីស្វះស្វែងរកគ្រូជំនាញកម្រិតខ្ពស់មកធ្វើការអភិវឌ្ឍកីឡាចំបាប់កម្ពុជា ដែលជាឱកាសល្អ ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេសត្រៀមស៊ីហ្គេម លើកទី១ នៅវៀតណាមផង និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផង។
លើសពីនេះក្នុងនាមអគ្គនាយកដ្ឋានកីឡា លោកក៏បានថ្លែងអំណរគុណសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានអនុញ្ញាតជាគោលការណ៍ដល់សហព័ន្ធកីឡាជាតិ ពិសេសកីឡាកីឡាចំបាប់ ដើម្បីបានទទួលនូវគ្រូជំនាញកម្រិតខ្ពស់ សម្រាប់ធ្វើការអភិវឌ្ឍកីឡាចំបាប់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា លោក Komeil Ghasemi បានធ្វើដំណើរមកដល់កម្ពុជារយៈពេល ៣សប្ដាហ៍មកហើយ ដើម្បីត្រៀមធ្វើការបង្ហាត់ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជានាពេលឆាប់ៗខាងមុខ ជាមួយកិច្ចសន្យារយៈពេល ១ឆ្នាំ តាមរយៈគម្រោងអភិវឌ្ឍកីឡារបស់គណៈកម្មការជាតិ CAMSOC ដើម្បីអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម ដែលពន្យារពេលពីឆ្នាំ២០២១ ទៅឆ្នាំ២០២២ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង។
មុនចុះកិច្ចសន្យារដឹកនាំក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា លោក Komeil Ghasemi គឺជាអតីតកីឡាករឆ្នើមនៃក្រុមជម្រើសជាតិអ៊ីរ៉ង់ ដែលធ្លាប់ដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍ធំៗជាច្រើន ពិសេសលោកធ្លាប់ឈ្នះមេដាយមាសអូឡាំពិក ទីក្រុងឡុងដ៍ ឆ្នាំ២០១២ (ទម្ងន់ ១២០គីឡូក្រាម), ឈ្នះមេដាយប្រាក់អូឡាំពិក ទីក្រុងរីយ៉ូ ឆ្នាំ២០១៦ (ទម្ងន់ ១២៥គីឡូក្រាម)។ លើសពីនេះ លោកធ្លាប់ឈ្នះមេដាយប្រាក់ពិភពលោក ឆ្នាំ២០១៤ និងឈ្នះមេដាយមាសជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៤ រួមទាំងឈ្នះមេដាយប្រាក់ជើងឯកទ្វីបអាស៊ី ២សម័យ កាលពីឆ្នាំ២០១១ និងឆ្នាំ២០១៥ ទៀតផង៕