(តូក្យូ)៖ គិតត្រឹមការប្រកួតប្រជែងដណ្តើមមេដាយនៃព្រឹត្តិការណ៍កីឡាចម្រុះ Olympics ចំនួន ៧លើកចុងក្រោយនេះ ក្រុមអត្តពលិកសហរដ្ឋអាមេរិក រកបានមេដាយ ៧៤៥គ្រឿង ហើយក្នុងនោះមានមេដាយមាស ២៨៤គ្រឿង ឈរកំពូលតារាងរកបានមេដាយច្រើនជាងគេសម្រាប់ ៧លើកចុងក្រោយនេះ។
គិតចាប់ពីឆ្នាំ១៩៩៦ ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះកីឡាចម្រុះ Olympics រដូវក្តៅ ក្នុងនោះអត្តពលិកអាមេរិក នៅតែកាន់កំណត់ត្រាឈ្នះមេដាយច្រើនជាងគេ ដ្បិតនៅឆ្នាំ២០០៨ ក្រុមចិន រកបានមេដាយមាស ៤៨គ្រឿងច្រើនជាងគេ តែក្រុមអាមេរិក រកបានមេដាយសរុប ១១២គ្រឿង តែមានមេដាយមាសត្រឹមតែ ៣៦គ្រឿងក៏ដោយ ខណៈព្រឹតិ្តការណ៍ Tokyo Olympic 2020 ក្រុមអាមេរិក រកបានមេដាយសរុប ១១៣គ្រឿង។
ស្ថិតិនេះបានបង្ហាញថា ក្រុមអត្តពិលអាមេរិក (USA) ជាក្រុមកំពូលមួយដែលមានអត្តពលិកឆ្នើមៗដែលអាចដណ្តើមមេដាយសឹងគ្រប់វិញ្ញាសាប្រកួតនីមួយៗនាពេលកន្លងមកនេះ ដែលវ៉ាដាច់ក្រុមគូប្រែង ចិន, រុស្ស៊ី (បច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ IOC), អាល្លឺម៉ង់, បារាំង, អ៉ីតាលី, អូស្ត្រាលី, ជប៉ុន និងចក្រភពអង់គ្លេស ដែលជាប្រទេសមានអត្តពលិកឆ្នើមៗច្រើនជាងគេក្នុងបណ្តាប្រទេសជាសមាជិក IOC។
សរុបលទ្ធផលមេដាយមាសដែលក្រុមអត្តពិលអាមេរិក ដណ្តើមបានចំនួន ១០៦៩គ្រឿង, ប្រាក់ ៨៤០គ្រឿង និងសំរិទ្ធ ៧៤៣គ្រឿង គិតចាប់តាំងពីឆ្នាំ១៨៩៦ នៅទីក្រុងអាតែន ប្រទេសក្រិកលើកដំបូងនៃយុទ្ធនាការកីឡាចម្រុះ Olympics មួយនេះ៕