(ក្រុងឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់លីគកំពូលអង់គ្លេស Premier League នឹងចាប់ផ្តើមរដូវកាលថ្មីឆ្នាំ២០២១-២០២២ នាចុងសប្តាហ៍នេះហើយ ដោយមាន ២០ក្រុមចូលរួមដដែល ក្នុងនោះ Tottenham Hotspur ប៉ះក្រុមការពារជើងឯក Manchester City ជាគូពិសេសប្រចាំសប្តាហ៍ទី១។
Brentford ដែលទើបឡើងមកលេង Premier League រដូវកាលនេះ នឹងចាប់ផ្តើមប្រកួតបើកឆាកមុនគេ ដោយប៉ះក្រុមភ្ញៀវ Arsenal នៅឯកីឡដ្ឋាន Community Stadium នារាត្រីថ្ងៃសុក្រម៉ោងនៅអង់គ្លេស និងឈានចូលម៉ោង ២៖០០នាទីយប់ឈានចូលថ្ងៃសៅរ៍ ម៉ោងនៅកម្ពុជា។
ក្រៅពី Brentford ក៏នៅមានក្រុម Norwich City និង Watford ដែលជាក្រុមទើបឡើងមកពីលីគ Championship មកលេងនៅ Premier League នារដូវកាលនេះផងដែរ ដើម្បីបង្រ្គប់កៅអី ២០ក្រុមប្រកួត ២ជើងដែលប្រើពេលពីខែសីហា និងបញ្ចប់ទៅវិញនៅខែឧសភាជារៀងរាល់ឆ្នាំ។
គួររំលឹកផងថា Man City ជាក្រុមការពារតំណែងជើងឯក Premier League ដែលពួកគេបានឈ្នះពាន Premier League នារដូវកាលមុនគម្រប់លើកទី៧ និងលើកទី៣ ផងដែរស្ថិតក្រោមការបង្វឹករបស់លោក Pep Guardiola៕