(អាមេរិក)៖ ក្រុមហ៊ុនផលិត និងផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកដ៏ធំរបស់តៃវ៉ាន់ Foxconn បានប្រកាសឱ្យដឹងថា ខ្លួនបានចំណាយលុយ ៩០.៨លានដុល្លារអាមេរិក ទិញយករោងចក្រផលិតឈីបដ៏ធំមួយ Macronix International ក្នុងគោលដៅផលិតបន្ទះឈីបសម្រាប់ រថយន្តអគ្គិសនី (EV)។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Foxconn ដែលត្រូវបាន គេស្គាល់ថាជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកធំបំផុតរបស់ Apple កំពុងតែស្វែងរកទិញរោងចក្រផលិតបន្ទះឈីបនៅទូទាំងពិភពលោក ដើម្បីផលិត និងផ្គត់ផ្គង់បន្ទះឈីបសម្រាប់រថយន្ត ស្របពេលដែលទីផ្សារមួយនេះកំពុងតែជួបវិបត្តិកង្វះបន្ទះឈីបជាសកល។
ក្រុមហ៊ុន Foxconn បានបង្ហាញឱ្យដឹងផងដែរថា គោលដៅធំបំផុតសម្រាប់ការស្វែងរកទិញរោងចក្រនៅជុំវិញពិភពលោកនេះគឺដើម្បី ផលិតបន្ទះឈីបសម្រាប់រថយន្ត EV ព្រោះថានៅក្នុងរយ:ពេល១០ឆ្នាំខាងមុខទៀតនេះ ក្រុមហ៊ុនផលិតរថយន្តទាំងអស់នៅលើពិភពលោក នឹងងាកទៅផលិតរថយន្ត EV ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុល។
រោងចក្រ Macronix International នាពេលបច្ចុប្បន្នគឺមិនដំណើរការនោះទេ ប៉ុន្តែអាចនឹងដំណើរការឡើងវិញនៅចុងឆ្នាំនេះ ឬដើមឆ្នាំ ក្រោយ ព្រោះថានៅពេលនេះក្រុមហ៊ុន Foxconn ប្រហែលជាមានអតិថិជននៅក្នុងដៃស្រាប់ ទើបពន្លឿននៃប្រតិបត្តិការរោងចក្រនេះឡើង វិញ។
លោក Liu Young-way អគ្គនាយកក្រុមហ៊ុន Foxconn បានបញ្ជាក់ថា វាគឺជាឱកាសល្អសម្រាប់ការសហការ និងវិនិយោគជាមួយ ក្រុមហ៊ុន Macronix ដោយក្នុងនោះ នៅឆ្នាំ២០២៤ខាងមុខនេះ រោងចក្រ Macronix អាចនឹងផលិត បន្ទះឈីបសម្រាប់ រថយន្ត EV បានរហូតដល់ ៣០០០០បន្ទះ ក្នុងមួយខែ។
អគ្គនាយករូបនេះបានបន្តទៀតថា Foxconn នឹងក្លាយជាក្រុមហ៊ុនផ្គត់ផ្កង់បន្ទះឈីប និងគ្រឿងបរិក្ខាសម្រាប់រថយន្ត EV ធំមួយនៅក្នុង ពេលអនាគតដ៏ខ្លីខាងមុខនេះ ខណ:ដែលនៅពេលនេះ Foxconn កំពុងតែវាយលុកទីផ្សារជាបណ្ដើរៗហើយ៕