(តូក្យូ)៖ ក្រុមអត្តពលិកនៃសាធារណរដ្ឋប្រជាមានិតចិន នឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ ដែលដណ្តើមបានមេដាយច្រើនជាងគេ ពីព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ លើកទី៣២ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅមុនពេលការប្រកួតនឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។
យុទ្ធនាការដែលត្រូវបានខកខាន ១ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩ នោះ ក្រុមកីឡាករ-កីឡាការិនីចិន ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងមេដាយ និងឈរនៅយ៉ាងរឹងមាំបំផុតគិតចាប់តាំងពីផ្តើមប្រកួតបាន ៥ថ្ងៃរួចមក ពោលគឺនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្នុងចំណោមអត្តពលិកសរុបប្រមាណជាង ១ម៉ឺននាក់មកពី ២០៨ប្រទេសដែលជាសមាជិករបស់ IOC។
គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ នេះ (ម៉ោងនៅកម្ពុជា) ចិនដណ្តើមបានមេដាយសរុបចំនួន ៧៤គ្រឿង ដោយក្នុងនោះមានមេដាយមាស ៣៤គ្រឿងនាំមុខគេដាច់ ដ្បិតអាមេរិកឈរនៅលេខ២ ឈ្នះមេដាយមាសបានតែ ២៩គ្រឿងប៉ុណ្ណោះពីចំនួនសរុប ៩១គ្រឿង និងជប៉ុនដែលជាម្ចាស់ផ្ទះនោះ ឈ្នះមេដាយសរុបបាន ៤៦គ្រឿង និងមេដាយមាសមានតែ ២២គ្រឿងតិចជាងគេ។
ការប្រកួតប្រជែងមេដាយនឹងបន្តរហូតដល់ថ្ងៃទី០៨ ខែសីហាទើបចប់ ទៅលើ ៣៣ប្រភេទកីឡា និងចែកចេញជា ៣៣៩វិញ្ញសាសរុប នៅពេលដែលអត្តពលិកអាមេរិកដណ្តើមបានមេដាយច្រើនជាងគេឈរនៅចំណាត់ថ្នាក់លេខ១ កាលពី Rio Olympic Games នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលនាឆ្នាំ២០១៦ នៅពេលចិន បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអង់គ្លេសដែលឈរនៅលេខ២៕