(មេនឆេស្ទើ)៖ នៅទីបំផុត ក្លិបបាល់ទាត់មេឃខៀវ Manchester City បានចុះសន្យាទិញយកកីឡាករខ្សែបម្រើប្រយុទ្ធ Jack Grealish ពីក្លិបរួម Premier League ដូចគ្នា Aston Villa ក្នុងតម្លៃប្រមាណ ១០០លានផោន។

តាមរយៈព័ត៌មានពីគេហទំព័រ BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា កីឡាករអន្តរជាតិអង់គ្លេសខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យាលេងនៅទឹកដី Etihad ក្នុងរយៈពេល ៦ឆ្នាំដោយពាក់អាវលេខ១០ ផងដែរ ដែលជាលេខអាវរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដែលបានផុតកិច្ចសន្យាជាមួយ Man City និងចាកចេញទៅលេងឲ្យក្លិបអេស្ប៉ាញវិញ FC Barcelona។

តម្លៃ ១០០លានផោននេះដែរ បានធ្វើឲ្យ Jack Grealish ក្លាយជាកីឡាករថ្លៃជាងគេទី៩ ដែលមានការផ្ទេរខ្ពស់បំផុតរបស់អង់គ្លេសនៅក្របខណ្ឌ Premier League លើសកីឡាករខ្សែបម្រើដូចគ្នា Paul Pogba ដែល Manchester United ទិញពីក្លិបសេះបង្កង់ Juventus កាលឆ្នាំ២០១៦ មានត្រឹមតែ ៨៩លានផោនប៉ុណ្ណោះ។

ខ្សែបម្រើលេងលេចធ្លោនៅ Euro 2020 ជាមួយជម្រើសជាតិតោកំណាចអង់គ្លេស ដែលមានវ័យទើបតែ ២៥ឆ្នាំ Jack Grealish នឹងបង្ហាញខ្លួនដំបូងជាមួយក្រុមដែលដឹកនាំដោយលោក Pep Guardiola នៅពេល Man City ដែលជាជើងឯក Premier League ត្រូវប៉ះក្រុមជើងឯក FA Cup, Leicester City ដណ្តើមពានបើករដូវកាល FA Community Shield នៅរាត្រីថ្ងៃសៅរ៍ស្អែកនេះ នៅកីឡដ្ឋាន Wembley៕