(អាមេរិក)៖ យន្តហោះប្រភេទ Boeing Co 737 Max មួយគ្រឿង បានហោះហើរចេញពីសហរដ្ឋអាមេរិក ឆ្ពោះទៅកាន់ប្រទេសចិន នៅថ្ងៃពុធ ដើម្បីធ្វើការហោះហើរសាកល្បងមួយ ដែលវាជាផ្នែកមួយ នៃគោលបំណងរបស់ក្រុមហ៊ុនផលិតយន្តហោះ របស់សហរដ្ឋអាមេរិកនេះ ដើម្បីទទួលបានការអនុម័ត នៅក្នុងទីផ្សារធ្វើដំណើរដ៏សំខាន់ បន្ទាប់ពីមានករណីធ្លាក់យន្តហោះ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២លើក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។

ប្រភពដែលដឹងពីករណីនេះ បានឲ្យដឹងថា ក្រុមហ៊ុន Boeing និងនិយតករចិន បានកំណត់ពេលហោះហើរ និងធ្វើតេស្ត ដើម្បីចេញលិខិតបញ្ជាក់ជាថ្មីម្តងទៀត នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

យន្តហោះសម្រាប់ការហោះហើរសាកល្បងនោះ ត្រូវបានគេរំពឹងថា នឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិ Pudong របស់ទីក្រុង Shanghai ប្រទេសចិន នៅថ្ងៃទី៧ ខែសីហាខាងមុខ, មុនការធ្វើតេស្ត simulator នៅថ្ងៃទី៨ ខែសីហា ហើយប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការល្អ ការហោះហើរសាកល្បងលើកដំបូង នៅក្នុងប្រទេសចិន នឹងធ្វើឡើងនៅថ្ងៃទី១១ ខែសីហាខាងមុខ។ នេះបើតាមការបញ្ជាក់ពីប្រភព ដែលសុំមិនបញ្ចេញឈ្មោះ ព្រោះពួកគេមិនត្រូវបានអនុញ្ញាត ឲ្យនិយាយជាសាធារណៈពីបញ្ហានេះនោះទេ។

ក្រុមហ៊ុនអាកាសចរណ៍ប្រមាណ៣០ និងប្រទេសចំនួន១៧៥ បានអនុញ្ញាតឲ្យយន្តហោះ Boeing 737 MAX វិលត្រឡប់ចូលបម្រើសេវាកម្មវិញ បន្ទាប់ពីរយៈពេលជិត២ឆ្នាំ ដែលមានការហាមឃាត់ហោះហើរ ដោយសារបញ្ហាសុវត្ថិភាព ក្រោយពីមានហេតុការណ៍ធ្លាក់យន្តហោះចំនួន២លើក ត្រឹមតែរយៈពេល៥ខែប៉ុណ្ណោះ ដែលបានសម្លាប់មនុស្ស៣៤៦នាក់, បាននាំឲ្យក្រុមហ៊ុន Boeing ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច រយៈពេលយ៉ាងយូរ រួមផ្សំជាមួយនឹងការរីករាលដាលជាសាកល នៃជំងឺឆ្លង COVID-19 ថែមទៀត។

យន្តហោះ 737 MAX របស់ក្រុមហ៊ុន Boeing នៅតែបន្តការហាមឃាត់ការហោះហើរ នៅក្នុងប្រទេសចិន, ជាទីកន្លែងដែលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងរដ្ឋាភិបាលទីក្រុង Washington និងទីក្រុង Beijing ដែលបានកាត់បន្ថយការលក់ អស់រយៈពេលជាច្រើនឆ្នាំ, ហើយតាមរយៈប្រធានក្រុមហ៊ុន Boeing លោក Dave Calhoun បានលើកឡើង កាលពីសប្តាហ៍មុនថា លោកនៅតែរំពឹងថា 737 MAX នឹងទទួលបានការអនុម័ត នៅមុនដាច់ឆ្នាំនេះ៕