(កូរ៉េ)៖ ក្រោយស្ងប់ស្ងាត់ប៉ុន្មានសប្តាហ៍ នៅពេលនេះអ្នកសិល្បៈក្នុងវិស័យ K-POP មួយរូបទៀតហើយ គឺតារាចម្រៀង Xiumin សមាជិកក្រុមចម្រៀង EXO បានប្រញាប់ទៅធ្វើតេស្តភ្លាមៗ បន្ទាប់ពីសង្កេតឃើញថា ខ្លួនមានអាការៈគួរឲ្យសង្ស័យ ខណៈលទ្ធផលចេញមក គឺលោកមានវិជ្ជមានកូវីដ-១៩។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១២។
បើតាមសេចក្តីជូនដំណឹងពីផលិតកម្ម SM បានឲ្យដឹងថា តារាប្រុស Xiumin កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ បានធ្វើតេស្តម្តងរួចមកហើយ ដើម្បីបន្តការងារក្នុងវិស័យតន្ត្រី ប៉ុន្តែចេញលទ្ធផលអវិជ្ជមាន ហើយលោកក៏បានទៅធ្វើតេស្ត PCR ម្តងទៀង កាលពីថ្ងៃទី០៤ ខែសីហា ម្សិលមិញនេះ បន្ទាប់ពីមានអាការៈសង្ស័យ ខណៈលទ្ធផលដែលបានបញ្ចេញមកនៅថ្ងៃទី០៥នេះ គឺលោកមានវិជ្ជមានកូវីដ-១៩តែម្តង។
បន្ថែមពីនេះ សមាជិកក្នុងក្រុម EXO និងបុគ្គលរួមការងារផ្សេងទៀត កំពុងតែដាក់ឲ្យនៅដាច់ដោយឡែក និងរង់ចាំលទ្ធផលធ្វើតេស្ត។ ផលិតកម្ម SM ក៏បានបញ្ជាក់ផងដែរថា តារាប្រុសវ័យ៣១ឆ្នាំរូបនេះ នឹងបញ្ឈប់រាល់កាលវិភាគសិល្បៈទាំងអស់ ដើម្បីដាក់ឲ្យខ្លួននៅដាច់ដោយឡែក ទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់។ លើសពីនេះខាងផលិតកម្ម ក៏បានបង្ហាញការប្តេជ្ញាចិត្តខិតខំអស់ពីសមត្ថភាព ដើម្បីឲ្យសិល្បករ ឆាប់ជាសះស្បើយឡើងវិញផងដែរ៕