(ប្រេស៊ីល)៖ អតីតអ្នកចាត់ការក្លិបបាល់ទាត់ Real Madrid និងក្រុមជម្រើសជាតិប្រេស៊ីល លោក Vanderlei Luxemburgo ត្រូវបានតែងតាំងជាប្រធានគ្រូបង្វឹកក្លិប Cruzeiro របស់ប្រេស៊ីល ជាលើកទី៣, នេះបើតាមការបញ្ជាក់ពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។

លោក Luxemburgo បានជំនួសតំណែងលោក Mozart Santos ដែលបានលាឈប់ពីតំណែង កាលពីសប្តាហ៍មុន បន្ទាប់ពីដឹកនាំការប្រកួត៩លើក ហើយទទួលបានជ័យជំនះតែមួយលើកនោះ។

ក្លិប Cruzeiro បច្ចុប្បន្ននេះ ស្ថិតក្នុងលំដាប់លេខរៀងទី១៨ ក្នុងក្រុមចំនួន២០ ដែលលេងនៅលីគ Serie B របស់ប្រេស៊ីល។

លោក Luxemburgo, ដែលបានទំនេរពីការងារ ចាប់តាំងពីលាឈប់ពីក្លិប Vasco da Gama កាលពីខែកុម្ភៈនោះ, គឺជាអ្នកចាត់ការតែម្នាក់គត់ ដែលបានឈ្នះពាន់រង្វាន់ Serie A របស់ប្រេស៊ីល ចំនួន៥ដង។

លោកធ្លាប់ធ្វើជាអ្នកចាត់ការ ក្រុមជម្រើសជាតិប្រេស៊ីល ចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០០ និងធ្លាប់បានដឹកនាំក្លិប Real Madrid រយៈពេល១១ខែ ក្នុងឆ្នាំ២០០៥។

បុរសវ័យ៦៩ឆ្នាំរូបនេះ ធ្លាប់បានដឹកនាំក្លិប Cruzeiro ឆ្ពោះទៅកាន់ការប្រកួតនៅលីគ Copa do Brasil-Serie A ចំនួន២លើក នៅអំឡុងពេលការដឹកនាំក្លិបដំបូងរបស់លោក ក្នុងឆ្នាំ២០០៣ មុនពេលវិលត្រឡប់ទៅដឹកនាំជាលើកទី២ បានរយៈពេលតែ២ខែប៉ុណ្ណោះ ក្នុងឆ្នាំ២០១៥៕