(ហូឡង់)៖ លោក Louis van Gaal ត្រូវបានតែងតាំងនៅថ្ងៃពុធនេះ ជាគ្រូបង្វឹកថ្មី នៃក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ នៅក្នុងការចុះកិច្ចសន្យាមួយ រហូតដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍បាល់ទាត់ World Cup នៅឆ្នាំក្រោយ ក្នុងប្រទេសកាតា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។

វាគឺជាលើកទី៣ហើយ ដែលលោកនឹងទទួលតំណែង ដឹកនាំក្រុមជម្រើសជាតិហូឡង់, ជាមួយនឹងការតែងតាំងចុងក្រោយនេះ បានធ្វើឡើងមិនដល់មួយសប្តាហ៍នោះទេ មុនថ្ងៃខួបកំណើតគម្រប់៧០ឆ្នាំរបស់លោក។

«បាល់ទាត់ហូឡង់ តែងតែស្ថិតក្នុងបេះដូងរបស់ខ្ញុំ, ហើយការបង្វឹកក្រុមជម្រើសជាតិ គឺជាទស្សនៈរបស់ខ្ញុំ, ជាតួនាទីដ៏សំខាន់ ដើម្បីធ្វើឲ្យបាល់ទាត់របស់យើងឆ្ពោះទៅមុខ។ លើសពីនេះទៅទៀត ខ្ញុំចាត់ទុកថា វាគឺជាកិត្តិយសមួយ ក្នុងការដឹកនាំក្រុមជម្រើសជាតិហូឡង់», នេះបើតាមសម្តីលោក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍។

លោក Van Gaal បានជំនួសតំណែងលោក Frank de Boer, ដែលបានលាឈប់ពីតួនាទី បន្ទាប់ពីហូឡង់ បានចាញ់សាធារណរដ្ឋឆែក ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅព្រឹត្តិការណ៍ European Championship កាលពីខែមិថុនា។

Van Gaal នឹងមានអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Danny Blind និងលោក Henk Fraser មកពីក្លិប Sparta Rotterdam ជាជំនួយការរបស់លោក និងលោក Frans Hoek ជាគ្រូបង្វឹកអ្នកចាំទី។

គួររំលឹកថា លោក Van Gaal ត្រូវបានតែងតាំងលើកដំបូង ជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ ក្នុងខែកញ្ញា ឆ្នាំ២០០០, ប៉ុន្តែបានលាលែងពីតំណែង នៅរយៈពេល១ឆ្នាំក្រោយ នៅពេលដែលពួកគេបរាជ័យ ក្នុងវគ្គប្រកួតជម្រុះ ព្រឹត្តិការណ៍ 2002 World Cup។ លោកបានវិលត្រឡប់ទៅដឹកនាំវិញ ក្នុងខែសីហា ឆ្នាំ២០១២ និងបានដឹកនាំក្រុមជម្រើសជាតិហូឡង់ ទៅកាន់លំដាប់ទី៣ ក្នុងព្រឹត្តិការណ៍ 2014 World Cup នៅប្រេស៊ីល៕