(តូក្យូ)៖ គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមអត្តពលិកសហរដ្ឋអាមេរិក និងចិន បានបន្តឈានមុខគេឈរនៅកំពូលតារាងមេដាយនៃព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics 2020 ដោយក្រុមអត្តពលិកទាំងពីររកបានមេដាយមាស ៩គ្រឿងដូចគ្នា។

ក្រុមអត្តពលិក USA រកបានមេដាយសរុប ២២គ្រឿង ដែលមានមេដាយមាស ៩គ្រឿងរួមជាមួយមេដាយប្រាក់ ៥គ្រឿង និងមេដាយសំរិទ្ធ ៨គ្រឿងច្រើនជាងក្រុមអត្តពិលចិន ដែលមានសរុប ២១គ្រឿង ដោយមានមេដាយប្រាក់ ៥គ្រឿង និងសំរិទ្ធ ៧គ្រឿងជាបណ្តោះអាសន្ន ខណៈម្ចាស់ផ្ទះជប៉ុន ឈរលេខរៀងទី៣ រកបានមេដាយសរុប ១៦គ្រឿង មានមាស ៨គ្រឿងប្រាក់៣ នឹងសំរិទ្ធ៥។

ចំណែកឯអត្តពលិកចិនតៃប៉ិ Kuo Hsing Chun បានបំបែកកំណត់ត្រា៣ របស់ព្រឹត្តិការណ៍ Olympic ដែលនាងបានឈ្នះមេដាយមាសលើវិញ្ញសាលើកទម្ងន់បានដល់ទៅ ២៣៦គីឡូក្រាម ក្នុងកម្រិតប្រកួត ៥៩គីឡូក្រាមផ្នែកនារី គ្រាដែលកីឡាការិនីវ័យ ២៧ឆ្នាំរូបនេះ ជាម្ចាស់ជើងឯកពិភលោក ឆ្នាំ២០១៨-២០១៩ ដែលជាម្ចាស់មេដាយសំរិទ្ធកាល Olympic 2016 នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល៕