(ភ្នំពេញ)៖ ការប្រកួតដ៏ចម្រូងចម្រាសរវាងក្រុមអង្គរថាយហ្គឺរ និងក្រុមណាហ្គាវើលដ៏នៅថ្ងៃទី២០ ខែកក្កដាកន្លងទៅ នៅមិនទាន់អស់ចំហាយនោះទេ បន្ទាប់ពីគណៈកម្មការវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្ដីសម្រេចថ្មីមួយទៀតនាថ្ងៃទី២៦ ខែកក្កដានេះ ដោយធ្វើការពិន័យលើខ្សែការពារក្លិបអង្គរថាយហ្គឺរ ស្រាំង ទិត្យឈី ដោយព្យួរការប្រកួតចំនួន ៤ប្រកួត ពីការជេរប្រមាថអាជ្ញាកណ្ដាលកាត់សេចក្ដីក្នុងការប្រកួតខាងលើ។

យោងតាមសេចក្ដីសម្រេចខាងលើបានបញ្ជាក់ថា «ត្រូវព្យួរកីឡាករឈ្មោះ ស្រាំង ទិត្យឈី របស់ក្លិបកីឡាបាល់ទាត់អង្គរថាយហ្គឺរ មិនឲ្យចូលរួមក្នុងការប្រកួតដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន ៤ប្រកួត រួមទាំងការព្យួរដោយស្វ័យប្រវត្តិ ពីបទជេរប្រមាថអាជ្ញាកណ្ដាលយោងតាមប្រការ៤៩ ឥរិយាបថមិនសមរម្យចំពោះមន្ដ្រីដឹកនាំការប្រកួតត្រង់ចំណុច “ក” នៃក្រុមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»

ការដាក់ពិន័យខាងលើធ្វើឡើងក្រោយ ៣ថ្ងៃ បន្ទាប់ពីក្លិបអង្គរថាយហ្គឺរ បានបរាជ័យបណ្ដឹងតវ៉ាទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដោយសហព័ន្ធបានធ្វើការបកស្រាយ ៤ចំណុចក្នុងនោះចំណុចទី២ បានសង្កត់ធ្ងន់ថា «នៅនាទី៧៩ កីឡាករខ្សែការពារពាក់លេខ៣ របស់ក្រុមអង្គរថាយហ្គឺរ ឈ្មោះ ស្រាំង ទិត្យឈី ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហមបណ្ដេញចេញសម្រាប់កំហុសជេរប្រមាថអាជ្ញាកណ្ដាល។ ក្នុងហេតុការណ៍នោះ កីឡាករខាងលើបានដើរចេញពីទីលានតាមតំបន់របស់ជំនួយការទី១ ដើម្បីព្យាបាលរបួស និងបានជេរប្រមាថទៅលើជំនួយការទី១ ថា «អាខ្វាក់ អាល្ងង់ អាភ្លើ»...»

សូមរំឭកថា ជំនួបដ៏ក្ដៅគគុកបង្គ្រប់សប្ដាហ៍ទី៩ នៃលីគកំពូលកម្ពុជានៅកីឡដ្ឋាន SRU ខេត្តសៀមរាប រវាងក្រុមខ្លាំងទាំងពីរកាលពីដើមសប្ដាហ៍មុន ក្រុមណាហ្គាវើលដ៏ បានយកឈ្នះក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ ដោយលទ្ធផល ២-១ ស្របពេលក្រុមកំពូលតារាងនេះ បានបាត់បង់សមាជិកដល់ទៅ ២នាក់នៅចុងម៉ោង បន្ទាប់ពីរងពិន័យកាតក្រហមរួមមានកីឡាករ ស្រាំង ទិត្យឈី នៅនាទី៧៩ និងកីឡាករ ឈង់ ប៊ុនណាត នៅនាទី៨៧។ ក្រោយចប់ការប្រកួតភ្លាមៗ បានមានមតិរិះគន់ជាច្រើនលើអាជ្ញាកណ្ដាល រហូតមានការប្ដឹងតវ៉ាពីសំណាក់ក្លិបអង្គរថាយហ្គឺរ ទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែត្រូវបានសហព័ន្ធច្រានចោល ក្រោយការត្រួតពិនិត្យ និងវិនិច្ឆ័យរួចមក៕