(ចិន)៖ កម្មវិធីមហាស្រពភាពយន្តបែបវាយកប់ (International Action Fim) ដែលផ្តូចផ្តើមគំនិតរៀបចំឡើង ដោយកំពូលតារាក្បាច់គុន Jackie Chan (ឈិន ឡុង) សម្រាប់លើកទី៦ ឆ្នាំ២០២១នេះ ត្រូវបានរាយការណ៍មកថា នឹងធ្វើឡើងក្នុងខេត្ត Shanxi ប្រទេសចិន នៅក្នុងខែសីហា ខាងមុខនេះ ខណៈកម្មវិធីត្រូវបានធ្វើឡើង ក្នុងគោលបំណងផ្តល់ការគាំទ្រ ចំពោះភាពយន្តបែបវាយតប់ បាញ់ប្រហារ និងក្បាច់គុន ទាំងភាពយន្តចិន និងបរទេស។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Global Times នាពេលថ្មីៗនេះបានឲ្យដឹងថា មហោស្រពភាពយន្តបែបវាយតប់ ដែលធ្វើឡើងលក្ខណៈអន្តរជាតិ និងជាលើកទី៦ នេះ គឺជាការផ្ដួចផ្ដើម និងឧបត្ថម្ភពីតារាក្បាច់គុនជើងចាស់លោក Jackie Chan (ឈិន ឡុង) ខណៈក្នុងឆ្នាំ២០២១ នេះ នឹងប្រារព្ធឡើងនៅក្នុងក្រុង Datong (តាថុង) ភាគខាងជើងខេត្តសានស៊ីប្រទេសចិន ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែសីហា ខាងមុខនេះ។

មានខ្សែភាពយន្តបែបវាយតប់ បាញ់ប្រហារ ក្បាច់គុនជាច្រើន ទាំងរបស់ចិន និងមកពីក្រៅបរទេសផ្សេងៗទៀត ត្រូវបានជ្រើសរើសដោយអ្នកជំនាញផ្នែកភាពយន្ត ខណៈរឿងដែលត្រូវបានជ្រើសរើស គឺឲ្យឈ្មោះថា «Top Ten Classic Actions»។ បន្ថែមពីនេះ នឹងមានការផ្ដល់ពានរង្វាន់ «Iron Man Awards» (អាយរ៉ន មេន អឺវ៉ត) ជូនដល់ភាពយន្ត និងផលិតករឆ្នើមផងដែរ៕