(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីកម្ពុជា ៣រូប បានទទួលទូរស័ព្ទ Samsung Galaxy S21 Olympic limited Edition ម្នាក់ ១គ្រឿង បន្ទាប់ពីធ្វើដំណើរទៅដល់ទីក្រុងតូក្យូកាលពីយប់មិញ ដើម្បីត្រៀមចូលរួមពិធីបើក និងការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Game 2020) ចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១។

លោក ញ៉ាន សុខវិសាល នាយរងបេសកកម្មបានឲ្យដឹងពីទីក្រុងតូក្យូថា ការផ្ដល់កាដូទូរស័ព្ទដល់អត្តពលិកអូឡាំពិកនេះ មិនមែនតែកីឡាករ-កីឡាការិនីកម្ពុជានោះទេ គឺគ្រប់បណ្ដាប្រទេសដែលចូលរួមប្រកួតកីឡាអូឡាំពិក សុទ្ធតែទទួលបានដូចគ្នា បន្ទាប់ពីធ្វើដំណើរដល់ភូមិកីឡា ប៉ុន្ដែទទួលបានតែកីឡាករ-កីឡាការិនីប៉ុណ្ណោះ រីឯប្រតិភូ និងគ្រូបង្វឹក ពុំទទួលបាននោះទេ។

លោកបន្ដថា ការផ្ដល់កាដូរទូរស័ព្ទទំនើបនេះ ព្រោះក្រុមហ៊ុន Samsung គឺជាដៃគូសហការផ្លូវការរបស់ព្រឹត្តិការណ៍អូឡាំពិក ។ ដូច្នេះ Sumsung បានផលិតទូរស័ព្ទស៊េរី Olympic limited Edition ៤ឆ្នាំម្ដង ដោយផ្ដោតសំខាន់សម្រាប់អត្តពលិកអូឡាំពិក ខណៈបើតាមការបញ្ជាក់របស់ក្រុមហ៊ុនទូរស័ព្ទស៊េរី Samsung Galaxy S21 Olympic limited Edition គឺមានតម្លៃសកលប្រមាណ ១,០២៤ដុល្លារឯណោះក្នុង ១គ្រឿង។

គួរបញ្ជាក់ថា ប្រតិភូ និងអត្តពលិកអូឡាំពិកកម្ពុជាបានចេញដំណើរទៅប្រទេសជប៉ុន កាលពីម្សិលមិញ ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជានាយបេសកកម្ម។ ចំពោះកីឡាករ-កីឡាការិនីកម្ពុជាទាំង ៣រូប គឺមានកីឡាហែលទឹក ២រូប រួមមានកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ដែលត្រូវប្រកួតវិញ្ញាសាហែលសេរីចម្ងាយ ៥០ម៉ែត្រ និងកីឡាអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ៕