(ចិន)៖ ឆ្នាំ២០២០ និង២០២១ ត្រូវបានគេចាត់ទុកថាជាយុគសម័យនៃស្មាតហ្វូន 5G ដោយក្រុមហ៊ុនផលិតទូរស័ព្ទដៃជាច្រើនបាននាំគ្នា សម្រុកផលិតស្មាតហ្វូនប្រភេទនេះដើម្បីវាយលុយទីផ្សារ ជាពិសេសគឺក្រុមហ៊ុនចិន និងទីផ្សារប្រទេសចិនតែម្ដង។

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មានស្មាតហ្វូន 5G ចំនួន ១២៨លានគ្រឿងត្រូវបានលក់នៅក្នុងទីផ្សារប្រទេសចិន ដោយគិតត្រឹមពាក់កណ្ដាលឆ្នាំ២០២១។ វិទ្យាស្ថានចិន ទទួលបន្ទុកកិច្ចការងារព័ត៌មាន និងទំនាក់ទំនង (CAICT) នៅដើមសប្តាហ៍នេះបានបង្ហាញតួលេខនៃការលក់ស្មាតហ្វូន 5G ក្នុងប្រទេសចិន ដែលតួលេខបានបង្ហាញថា ការលក់បានកើនឡើងយ៉ាងខ្លាំងដល់ទៅ ១០០.៩ភាគរយ បើធៀបទៅនឹងតួលេខឆ្នាំមុន (២០២០) ។

នៅក្នុងរបាយការណ៍ក៏បានបង្ហាញឱ្យដឹងផងដែរថា មានស្មាតហ្វូនប្រមាណជា ៧៣.៤ភាគរយ នៃស្មាតហ្វូន 5G ទាំងអស់ដែលបានលក់ គឺជាស្មាតហ្វូនរបស់ក្រុមហ៊ុនក្នុងស្រុក ខណ:ដែលក្នុងរយ:ពេល ៦ខែដើមឆ្នាំ២០២១ មានទូរស័ព្ទដៃសរុបចំនួន ១៧៤លានគ្រឿង ត្រូវ បាន លក់នៅក្នុងប្រទេសចិន និងបានកើនឡើង ១៣.៧ភាគរយ បើធៀបទៅនឹងឆ្នាំមុន។

យ៉ាងណាមិញ ក្នុងខែមិថុនាកន្លងទៅនេះ មានទូរស័ព្ទដៃសរុបចំនួន ២៤.៥៩លានគ្រឿងត្រូវបានលក់ ដោយបានធ្លាក់ចុះ ១០.៤ភាគរយ បើធៀបទៅនឹងឆ្នាំមុន ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតទូរស័ព្ទដៃចិន បាននិងកំពុងតែឈានមុខគេយ៉ាងខ្លាំង ជាក់ស្ដែង Xiaomi បានក្លាយជា ក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់២ ដោយយកឈ្នះ Apple៕