(តួក្យូ)៖ គណៈកម្មាធិការអូឡាំពិកអាមេរិក USOC បានរាយការណ៍ថា កីឡាការិនីកាយសម្ព័ន្ធរបស់ពួកគេ ១រូបបានឆ្លងកូវីដ-១៩ នៅអំឡុងធ្វើតេស្តចូលទីលានហ្វឹកហាត់ ត្រៀមការប្រកួតកីឡាករចម្រុះ Tokyo Olympic Games 2020 ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

នេះជាករណីវិជ្ជមានទី៣ ដែលត្រូវបានរកឃើញក្រោយពេលធ្វើដំណើរមកដល់ប្រទេសជប៉ុន នៅពេលដែលវិជ្ជមាន ២ករណីផ្សេងទៀតនៅលើអត្តពលិកដែលបានស្នាក់នៅភូមិកីឡាកាលពីសប្តាហ៍មុន។

ករណីវិជ្ជមានទី៣ នេះដែរត្រូវបានរកឃើញនៅថ្ងៃចន្ទម្សិលមិញនេះ នៅពេលកីឡាការិនីដែលមិនត្រូវបានបញ្ចេញឈ្មោះនោះ បានធ្វើតេស្តត្រៀមចូលទីលានហ្វឹកហាត់។

តែយ៉ាងណា អត្តពលិកប្រមាណ ១១,០០០នាក់មកពី ២០៥ប្រទេសត្រូវបានរំពឹងថា នឹងស្នាក់នៅក្នុងភូមិកីឡាទាំងអស់ ក្នុងអំឡុងប្រកួត Tokyo Olympic Games 2020 ដែលមានរយៈពេលជាង ៣សប្តាហ៍ នៅពេលប្រទេសជប៉ុនបានរកឃើញករណីឆ្លងថ្មីដល់ទៅ ១,០៦៨នាក់ត្រឹម ១សប្តាហ៍ប៉ុណ្ណោះ៕