(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បានឈានដល់ចុះកិច្ចព្រមព្រៀងជាមួយកីឡាករខ្សែបម្រើប្រយុទ្ធ Albert Sambi Lokonga រយៈពេលវែងពីក្លិប Anderlecht របស់ប៊ែលហ្សិកជាផ្លូវការក្នុងតម្លៃប្រមាណ ១៧.២លានផោន។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១។

រវាងក្លិបទាំងពីរមិនបានបង្ហាញពីតម្លៃផ្ទេររបស់ Sambi ឡើយ តែគេបានដឹងថា មានកិច្ចសន្យារយៈពេលវែងនៅទឹកដី Emirates ជាមួយនឹងតម្លៃខ្លួន ១៧.២លានផោន នៅពេលត្រូវបានតែងតាំងធ្វើជាប្រធានក្រុមក្នុងក្លិប Anderlecht កាលពីរដូវកាលមុន ក្រោមការបង្វឹករបស់លោក Vincente Kompany ដែលជាអតីតខ្សែការពាររបស់ក្លិបអង់គ្លេស Manchester City។

Sambi ដែលមានសញ្ជាតិប៊ែលហ្សិកផងនោះ បានចូលរួមជាមួយ Anderlecht តាំងពីគេមានអាយុ ១៥ឆ្នាំនោះ នឹងពាក់លេខ ២៣នៅក្លិបថ្មី Arsenal របស់អង់គ្លេស ហើយក៏ជាកីឡាករទី២ ដែលទើបទិញបានផងដែរ មុនរដូវកាលថ្មីឆ្នាំ២០២១-២០២២ ចាប់ផ្តើមនាខែក្រោយនេះ។

ដូចគ្នានោះដែរ Arsenal ក៏ជិតឈានដល់ការចុះកិច្ចព្រមព្រៀងរវាងកីឡាករខ្សែការពារអង់គ្លេស Ben White ក្នុងតម្លៃ ៥០លានផោនមកពីក្លិបរួម Premier League, Brighton & Hove Albion ផងដែរ ក្រោយការយកបានខ្សែការពារស្លាបឆ្វេង Nuno Tavares មកពីក្លិប Benfica ក្នុងតម្លៃតែ ៨លានផោនប៉ុណ្ណោះ៕