(ភ្នំពេញ)៖ ទស្សនិកជនដែលតាមដានបណ្តាញសង្គម ប្រាកដជាស្គាល់អតីតតារាចម្រៀង និងជាអ្នកលក់អនឡាញដ៏ល្បី គឺអ្នកនាង ម៉ូលីកា ច្បាស់ហើយ ព្រោះមួយរយៈចុងក្រោយនេះ មានពាក្យចរចាមអារ៉ាមជាច្រើននិយាយថា ម៉ូលីកា និងស្វាមីរបស់នាង គឺលោកហុង មានុនហៅឆានុន មិនសូវចុះសម្រុងគ្នា និងជូនកាលគេថាប្ដីប្រពន្ធតារា១គូនេះ ម្ដងផ្អែមល្ហែម ម្ដងប្រែទៅជាសោះកក្រោះទៀត។ តែទស្សនិកជនជាច្រើនចង់ឃើញគូស្នេហ៍ម៉ូលីកា-ឆានុន នៅចាប់ដៃគ្នាបន្ដទៀត ព្រោះនាងនិងស្វាមីមានប្រវត្តិតស៊ូយ៉ាង លំបាកទើបមាន ជីវភាព ធូធារដូចពេលនេះ។ យ៉ាងណាមិញ ពាក្យចចាមអារ៉ាមទាំងនោះ មិនទាន់រសាត់បាត់ផង ស្រាប់តែគេឃើញ ម៉ូលីកា មកស្និទ្ធស្នាលជាមួយតារាចម្រៀងប្រុស សយ រតនៈ បង្កឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។
នៅលើបណ្តាញ គេឃើញរូបភាពស្និទ្ធស្នាលរបស់ អ្នកនាង ម៉ូលីកា ជាមួយប្រុសក្មេងរូបសង្ហារលោក សយ រតនៈ នៅលើ Story ហ្វេសប៊ុកទៅវិញ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើន ដោយខ្លះថា ហើយម៉េចបានជា ម៉ូលីកា មិនបង្ហាញរូបកៀកកើយជាមួយស្វាមីនាង លោកឆានុន តែបែជាបញ្ចេញភាពស្និទ្ធស្នាលជាមួយលោក រតនៈ នៅពេលនេះទៅវិញ?
ជុំវិញមន្ទិលសង្ស័យទាំងនេះ ម៉ូលីកា មិនឆ្លើយនឹងសំណួរពី Fresh News Plus នៅឡើយទេ ដោយនាងនិយាយយ៉ាងខ្លីថា «កំពុងជាប់រវល់មិនអាចនិយាយបានទេ»។ ដោយសារមិនទាន់ទទួលបានចម្លើយបំភ្លឺពី ម៉ូលីកា ទើបគេមិនទាន់អាចសន្និដ្ឋានពីទំនាក់ទំនងរវាងម៉ូលីកា និងលោក រតនៈ ថាពួកគេត្រូវជាអ្វីនិងគ្នាឡើយ ប៉ុន្ដែគេចាំបានថា នៅថ្ងៃមង្គលការ ម៉ូលីកា ជាមួយលោកឆានុន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នោះ លោករតនៈ ក៏ទៅចូលរួមដែរ តែលោកបណ្ដើរស្រីស្រស់នាងនាង ប៉ាច គីមមួយ ទៅឱបរឹតគ្នាដូចគូស្នេហ៍។
តែរំលងទើបតែបានជាង១ឆ្នាំ បែជាគេឃើញ ម៉ូលីកា មានរូបភាព ស្និទ្ធស្នាលលោករតនៈ ដែលមើលទៅហាក់ខុស ពីការរាប់អានគ្នាធម្មតា នាំឲ្យអ្នកខ្លះលាន់មាត់ថា បើគ្មានហេតុផលទេប្រហែល ជាមិនមែនសុខៗម៉ូលីកា បញ្ចេញឲ្យគេឃើញរូបភាព នាងជាមួយរតនៈ ស្និទ្ធគ្នាដល់ម្លឹងនោះឡើយ។
ម៉ូលីកា ជាថៅកែស្រីហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក ដែលនាងជាអ្នករកស៊ីតាម Online ដ៏ឈ្នាសវៃម្នាក់ចេះ បត់បែន ទៅតាមពេលវេលាដោយជូនកាលនាងលក់ផលិតផល,ពេលខ្លះនាងលក់ជ្រក់ជើងមាន់ និងថ្មីៗនេះ គេឃើញនាងផ្សព្វផ្សាយពីការលក់ម៉ូតូទៀតផងទើប ធ្វើអ្នកលក់ផ្សេងទៀតពិបាកតាមទាន់។
អតីតតារាចម្រៀង Rock រូបនេះមានកូនស្រីម្នាក់អាយុជាង១ឆ្នាំ ឈ្មោះ នុណ ច័ន្ទម៉ូនីតា ហើយរយៈពេលចុងក្រោយនេះ គេមិន សូវឃើញថៅកែស្រីចិត្តធម៌ ដែលតែងតែធ្វើទានជាញឹកញាប់ដល់ជនក្រីក្រនោះ បង្ហាញភាពល្អូកល្អឺនជាមួយ ស្វាមីដូចមុនឡើយ តែនាងបែជាធ្វើឲ្យគេភ្ញាក់ផ្អើលរឿងស្និទ្ធស្នាលជាមួយប្រុសក្មេងលោក សយ រតនៈ ទៅវិញ៕