(ភ្នំពេញ)៖ ស្រីស្រស់ រចនា រ៉ាវាឌី ដែលត្រូវបានមហាជនស្គាល់ជាទូទៅថា នាងជាតារាសម្ដែង និងជាតារាបង្ហាញម៉ូដមានប្រជាប្រិយភាពមួយរូប នៅក្នុងមជ្ឈដ្ឋានសិល្បៈកម្ពុជា និងកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ ផងនោះ បានថ្លែងបញ្ជាក់ថា ស្ថានភាពជំងឺកូវីដ-១៩ របស់នាងរហូតមកដល់ពេលនេះ បានធូរស្បើយច្រើនហើយ បន្ទាប់ពីក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ ព្យាបាលលើរូបនាង និងអ្នកជំងឺដទៃទៀត អស់រយៈពេលជាច្រើនថ្ងៃមក។ ជាមួយគ្នានេះ រចនា រ៉ាវាឌី ក៏បានអំពាវនាវដល់ពលរដ្ឋគ្រប់រូប សូមកុំមើលស្រាលជំងឺនេះឲ្យសោះ

ស្រីស្រស់រាងខ្ពស់ស្រឡះ កញ្ញា រចនា រ៉ាវាឌី បានថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រូនិច នៅថ្ងៃនេះឲ្យដឹងថា គិតរហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ របស់នាងបានធូរស្បើយច្រើនហើយ ពោលគឺសុខភាពហាក់វិលទៅរកភាពធម្មតាវិញ នៅរង់ចាំតែថ្ងៃដែលគ្រូពេទ្យ អនុញ្ញាតឲ្យចេញពីកន្លែងព្យាបាលប៉ុណ្ណោះ ប៉ុន្តែមិនទាន់ដឹងទេថា គ្រូពេទ្យឲ្យរូបនាងចេញទៅផ្ទះនៅថ្ងៃណា ព្រោះត្រូវតាមដានបន្តទៀតឲ្យច្បាស់ថា ជាសះស្បើយ១០០%។

រចនា រ៉ាវាឌី បន្ថែមទៀតថា ទោះបីជារូបនាង ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា បានធូរស្បើយ ឬអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញក្ដី ប៉ុន្តែនាងត្រូវបន្តវិធានការសុខាភិបាល គឺការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ បន្តទៀតនៅឯផ្ទះផ្ទាល់ខ្លួន ដើម្បីធានាសុវត្ថិភាពទាំងរូបនាង និងគ្រួសាររបស់នាង។

រចនា រ៉ាវាឌី បានបន្តថា ទោះបីជារូបនាង បានធូរស្បើយច្រើន និងជិតបានត្រឡប់មកផ្ទះវិញក្ដី ប៉ុន្តែអ្វីដែលជារឿងសំខាន់ នាងចង់ប្រាប់ដល់បងប្អូនគ្រប់គ្នា គឺនាងនៅតែទទូចឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងជំងឺកូវីដ-១៩ កុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះរូបនាងផ្ទាល់បានឆ្លងកាត់ការចាក់វ៉ាក់សាំងរួចរាល់ តែមិនអាចគេចផុតពីជំងឺនេះបាន។ នាងបន្តថា ជាពិសេសសូមបងប្អូន កុំទៅកន្លែងណាមានមនុស្សច្រើន ជៀសវាងការជួបជុំ និងត្រូវមានអនាម័យចំពោះខ្លួនឯងជាប់ជានិច្ច ដើម្បីបង្កាកុំឲ្យមានការឆ្លងកាន់តែច្រើន មកដល់ខ្លួនយើង ឬក្រុមគ្រួសាររបស់បងប្អូនណាម្នាក់។

សូមបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះមួយរូប ក្នុងវិស័យភាពយន្ត ដែលមហាជននិយមឃើញវត្តមានក្នុងការសម្តែង ភាពយន្តជីវិតរបស់ផលិតកម្ម Sastra Film គឺកញ្ញា រចនា រ៉ាវាឌី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីនាងបានប៉ះពាល់ផ្ទាល់ ជាមួយនឹងក្រុមការងារថតភាពយន្ត៕