(បរទេស)៖ បុគ្គលមានឥទ្ធិពលលើបណ្តាញសង្គម (Influencer) ល្បីឈ្មោះរបស់ហុងកុង ដែលលេចធ្លោរក្នុង Instagram មានឈ្មោះថា Sofia Cheung វ័យ៣២ឆ្នាំ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិតភ្លាមៗ ដោយសារតែរអិលជើងធ្លាក់ទៅក្នុងជ្រោះ អំឡុងពេលថតរូប selfie នៅពេលនាងឡើងភ្នំកំសាន្តជាមួយមិត្តភក្តិ។ នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ The Guardian នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។

តារាស្រី Sofia ត្រូវគេដឹងថា បានឡើងភ្នំកម្សាន្ត ជាមួយមិត្តភក្តិរបស់នាង៣នាក់ផ្សេងទៀត កាលពីថ្ងៃសៅរិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ និងបានថតក្បែរជ្រោះមួយឈ្មោះថា «Tsing Dai» នៅវេលានៅម៉ោង១១ថ្ងៃត្រង់។ ក្រោយមកនាងបានសម្រេចចិត្តថតរូប Selfie នៅក្បែរមាត់ជ្រោះ ដែលជាកន្លែងមួយ មើលទៅមានប្រជាប្រិយភាព និងមានគេចាប់អារម្មណ៍ច្រើន។ តែយ៉ាងណា នាងក៏ជ្រុលជើងរអិលធ្លាក់ជ្រុះ ពេលកំពុងថត ខណៈជ្រោះនោះ ត្រូវបានគេជឿជាក់ថា មានជម្រៅប្រហែល ៥ម៉ែត្រ។

បន្ទាប់ពីមានហេតុការណ៍នេះ មិត្តភក្តិរបស់នាង ក៏បានប្រញាប់ហៅអ្នកជួយសង្គ្រោះ និងបញ្ចូននាងទៅកាន់មន្ទីរពេទ្យ ប៉ុន្តែជាអកុសលនាងបានបាត់បង់ជីវិតទៅហើយ។

គួរជម្រាបថា តារាស្រីរូបនេះត្រូវបានគេដឹងថា ជាតារា Instagram ម្នាក់ដែលមានភាពក្លាហាន ព្រោះតែងតែបញ្ចេញរូបភាពពោរពេញដោយការប្រថុយប្រថាន និងព្រឺព្រួចជាទីបំផុត ទៅកាន់អ្នកគាំទ្រនាពេលកន្លងមក។ តែយ៉ាងណា ហេតុការណ៍ធ្លាក់ជ្រោះអំឡូងពេលថតនេះ មិនមែនទើបតែកើតឡើងជាលើកទី១ឡើយ ដោយកាលពីដើមឆ្នាំ២០២១ គឺមានស្ត្រីជនជាតិឥណ្ឌាម្នាក់ បានធ្លាក់ជ្រោះអំឡុងពេលថតរូប និងកាលពីឆ្នាំមុន មានស្ត្រីជនជាតិកាហ្សាក់ស្ថានម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ចុះពីលើថ្មភ្នំ កម្ពស់ប្រមាណ៣០ម៉ែត្រ ក្នុងប្រទេសតួគី៕