(ភ្នំពេញ)៖ សមាជិកគ្រួសាររបស់លោក ឃួន ឡាបូរ៉ាវី មន្ដ្រីបច្ចេកទេសសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិកម្ពុជាចំនួន ៦រូបបានរកឃើញវិជ្ជមានកូវីដ-១៩ នៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។
លោក ឃួន ឡាបូរ៉ាវី បានបញ្ជាក់ប្រាប់ក្រុមការងារ Fresh News Plus នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា សមាជិកគ្រួសារទាំង ៦រូប ដែលបានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ រួមមានភរិយា និងកូនប្រុសខ្លួន ២នាក់ ប្អូនថ្លៃ ២នាក់ និងលោកតារបស់ខ្លួនម្នាក់។ ចំណែកអ្នកពាក់ព័ន្ធផ្សេងៗទៀតដែលរស់នៅក្នុងផ្ទះមានសមាជិកគ្នា ១០នាក់ ហើយធ្វើតេស្ដអវិជ្ជមានរួមទាំងលោកផ្ទាល់ បច្ចុប្បន្នកំពុងធ្វើចត្ដាឡីស័ក និងតាមដានសុខភាពបន្ដ។
លោកថា មុនឈានដល់ការធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ លើសមាជិកគ្រួសារខ្លួន ប្អូនថ្លៃរបស់លោកម្នាក់បានមានករណីសង្ស័យ ព្រោះធ្លាប់ជួបអ្នកវិជ្ជមាន បន្ទាប់មកនៅរសៀលថ្ងៃថ្ងៃពុធម្សិលមិញ ក៏នាំគ្នាទិញឧបករណ៍តេស្ដរហ័សមកធ្វើតេស្ដ ហើយបានរកឃើញជាបន្ដបន្ទាប់តែម្ដង មុនក្រុមគ្រួពេទ្យចុះមកធ្វើតេស្ដជាថ្មី និងបានបញ្ជូនអ្នកវិជ្ជមានទាំង ៦រូបទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលព្រែកព្នៅនៅល្ងាចថ្ងៃដដែល។
អតីតម្ចាស់ស្បែកជើងមាសពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៤សម័យខាងលើបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងឆាប់រហ័ស ក្រោយទទួលបានព័ត៌មានពីគ្រួសាររបស់ខ្លួន។ ប៉ុន្ដែក្នុងចំណោមសមាជិកគ្រួសាររបស់ខ្លួនទាំងអស់ អ្នកដែលមានអាយុគ្រប់ចាក់វ៉ាក់សាំង គឺបានចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ រួចហើយ។ ដូច្នេះក្រោយរកឃើញមានវិជ្ជមានជំងឺកូវីដ-១៩ ពុំមានអាការៈធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ឡើយ គ្រាន់តែបាត់ក្លិនប៉ុណ្ណោះ។
យ៉ាងណាមិញលោក ឃួន ឡាបូរ៉ាវី បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនស្មារតីប្រុងប្រយ័ត្នជានិច្ច ហើយត្រូវបន្ដគោរពវិធានការក្រសួងសុខាភិបាល និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសវិធានការ ៣ការពារ និង ៣កុំ ហើយបើគ្មានភារកិច្ចចាំបាច់ សូមកុំចេញក្រៅ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺដ៏កាចសាហាវនេះ ដ្បិតបច្ចុប្បន្នជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ កំពុងមានការឆ្លងរីករាលដាលខ្លាំងក្នុងប្រទេសកម្ពុជា៕