(បារាំង)៖ កំពូលតារាម៉ូដែលល្បីឈ្មោះរបស់អាមេរិកវ័យ ២៤ឆ្នាំ គឺនាង Bella Hadid បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការបង្ហាញវត្តមាន លើកម្រាលព្រំក្រហម នៃកម្មវិធីមហោស្រពលំដាប់ពិភពលោក «Cannes Film Festival » នៅប្រទេសបារាំង ជាមួយនឹងការតុបតែងខ្លួនយ៉ាងលេចធ្លោរ ក្នុងស្ទីលរ៉ូបចំហរដើមទ្រូងលើគោក បិទបាំងដោយខ្សែកដ៏ស្រស់ស្អាត។
កម្មវិធីមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន បានចាប់ផ្ដើមប្រព្រឹត្តិទៅជាផ្លូវការ ក្រោយពីបានខកខានប្រារព្ធអស់រយៈពេល១ឆ្នាំ គឺកាលពីឆ្នាំ២០២០ ដោយសារជំងឺកូវីដ១៩។ ក្នុងកម្មវិធីមហោស្រពនេះ សិល្បករនិងផលិតករអន្តរជាតិជាច្រើន បាននាំគ្នាដើរលើកម្រាលព្រំក្រហម ជាមួយនឹងម៉ូដសម្លៀកបំពាក់ទាក់ទាញរៀងៗខ្លួន។ ក្នុងចំណោមនោះ គេឃើញថា តារាបង្ហាញម៉ូដសញ្ជាតិអាមេរិក Bella Hadid បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ នូវរ៉ូបពណ៌ខ្មៅ ចំហល្វែងលើ បញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ស្រស់ស្អាត គួបផ្សំនឹងខ្សែកមានទម្រង់ជារាងសួតមនុស្ស យកមកបិទបាំង ដើរលើកម្រាលព្រំក្រហម ប្រកបដោយភាពជឿជាក់ នៅមុខកាមេរ៉ារាប់រយ ក្នុងកម្មវិធីមហោស្រពលំដាប់ពិភពលោក «Cannes Film Festival » នៅបារាំង។
គួរជម្រាបថា កម្មវិធីមហោស្រពទីក្រុងកានប្រចាំឆ្នាំ «Cannes Film Festival» ជាពេលវេលាមួយ ដែលស្នាដៃភាពយន្តល្បីៗ ត្រូវបានបង្ហាញ ដើម្បីប្រកួតប្រជែងយកពានរង្វាន់ ខណៈសម្រាប់លើកទី៧៤នេះ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៧ ខែកក្កដាខាងមុខ ហើយក្រុមគណៈកម្មការនឹងផ្ដល់ពានរង្វាន់ Palme d'Or (ផាមឌ័រ) ជូនដល់ភាពយន្តល្អដាច់គេមួយ ក្នុងចំណោមស្នាដៃភាពយន្តចំនួន ២៤ស្នាដៃ ដែលបានចូលរួមប្រកួត៕