(អង់គ្លេស)៖ ក្លិបបាល់ទាត់ Norwich City បានចុះកិច្ចសន្យាជាមួយ កីឡាករខ្សែបម្រើសញ្ជាតិបារាំង Pierre Lees-Melou លើកិច្ចសន្យារយៈពេល៣ឆ្នាំ ផ្ទេរមកពីក្លិប Nice ដែលលេងនៅលីគ Ligue 1, នេះបើតាមការបញ្ជាក់ពីក្លិប ដែលទើបឡើងទៅលេងនៅលីគ Premier League មួយនេះ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្លិបមិនបានបង្ហាញពីតម្លៃ នៃការផ្ទេរកីឡាកររូបនេះនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានចេញផ្សាយថា ក្លិប Norwich បានចំណាយថវិកាប្រមាណ៣,៥លានផោន (៤,៨៥លានដុល្លារ) សម្រាប់កីឡាករវ័យ២៨ឆ្នាំរូបនេះ។

Lees-Melou បានស៊ុតបញ្ចូលទី៥គ្រាប់ នៅក្នុងការប្រកួតទាំងអស់ ឲ្យក្លិប Nice កាលពីរដូវកាលមុន និងបានធ្វើជាប្រធានក្រុម នៅក្នុងការប្រកួតចំនួន១៦លើក ខណៈពួកគេបានបញ្ចប់ ដោយឈរនៅលំដាប់ថ្នាក់លេខ៩ នៅក្នុងលីគលំដាប់កំពូលរបស់បារាំង។

សូមបញ្ជាក់ថា Norwich បានឈ្នះពានរង្វាន់ជើងឯកលំដាប់ថ្នាក់ទី២ កាលពីរដូវកាលមុន ហើយបានឡើងទៅលេងនៅលីគ Premier League។ ពួកគេ នឹងចាប់ផ្តើមរដូវកាលលីគ Premier League របស់ពួកគេ ដោយនឹងធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុម Liverpool នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ខាងមុខ៕