(អាមេរិក)៖ ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍របស់ប្រទេសចិន Huawei Technologies Co Ltd និង ក្រុមហ៊ុនផ្ដល់សេវាកម្ម Wireless ធំលំដាប់ទី២ របស់អាមេរិក Verizon Communications បានយល់ព្រមដោះស្រាយបណ្តឹងមួយដែលចោទប្រកាន់ពីបទ រំលោភប៉ាតង់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Verizon បានចូលខ្លួនមក ដោះស្រាយពាក្យបណ្ដឹងរបស់ក្រុមហ៊ុន Huawei និងបានដាក់ញត្តិរួមគ្នាដើម្បីបញ្ចប់ជម្លោះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ បន្ទាប់ពីតុលាការរដ្ឋតិចសាស់បានបើកសវនាការកាលពីពីរសប្ដាហ៍មុន។

កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន Huawei បានប្ដឹងក្រុមហ៊ុន Verizon ដោយចោទប្រកាន់ថាក្រុមហ៊ុនអាមេរិកមួយនេះ បាន ប្រើប្រាស់ ប៉ាតង់របស់់ខ្លួន ចំនួន ១២ ដោយគ្មានការអនុញ្ញាតនៅក្នុងប្រព័ន្ធបណ្ដាញកុំព្យូទ័រ ប្រព័ន្ធសុវត្ថិភាព និងការទំនាក់ទំនងតាមរយៈវីដេអូ ខល និងបានទាមទារសំណងជាប្រាក់ ប៉ុន្តែមិនត្រូវបានបង្ហាញជាផ្លូវការឡើយ។

ក្រុមហ៊ុន Huawei ឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនសប្បាយរីករាយនៅពេលដែលក្រុមហ៊ុន Verizon និងខ្លួនបានឈាន ដល់ កិច្ចព្រមព្រៀងបញ្ចប់វិវាទប៉ាតង់។

បើទោះបីជាជម្លោះរវាងក្រុមហ៊ុនចិន និងអាមេរិកមួយនេះត្រូវបានបញ្ចប់មែន ប៉ុន្តែតុលាការ និង ក្រុមហ៊ុនទាំងពីរមិនបានបញ្ជាក់ឱ្យដឹងថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយរបៀបណានោះទេ ថែមទាំងបានរក្សាវាជាការសម្ងាត់ទៀតផង។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Huawei បានប្រាប់ទៅកាន់ Verizon ឱ្យបង់ប្រាក់សម្រាប់ការប្រើប្រាស់ប៉ាតង់របស់ខ្លួន ដែលមានរហូតដល់ជាង ២៣០ ក្នុងទឹកប្រាក់ជាង ១ពាន់លានដុល្លារ៕