(ភ្នំពេញ)៖ ពលរដ្ឋដែលជួបទុក្ខលំបាក ដោយបញ្ហាជំងឺកូវីដ-១៩ ហើយត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ ក្នុងដំណាក់កាលទី២ អាចបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីង ចាប់ពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

ក្នុងស្មារតីជួយកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក្រោមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធនាគារវីង បានសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជា ដើម្បីគាំទ្រដល់ «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារ ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១»

សម្រាប់កម្មវិធីនេះ ពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋ មានការលំបាកផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារពលរដ្ឋដែលមានឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស ដែលទទួលបានការកំណត់អត្តសញ្ញាណតាមរយៈការសម្ភាស និងបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន និងមានឈ្មោះក្នុងបញ្ជី ក្នុងដំណាក់កាលទី២ អាចមកដកជាសាច់ប្រាក់តាមរយៈភ្នាក់ងារវីងជិត ១០០០០ កន្លែងទូទាំងប្រទេស និង តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ដោយភ្ជាប់ជាមួយលេខទូរស័ព្ទ និងអត្តសញ្ញាណប័ណ្ណ បានយ៉ាងរហ័ស ប្រកបដោយសុវត្ថិភាព និងសុក្រឹតភាព ក្រោយពីទទួលបានសារជូនដំណឹងពីធនាគារវីង។

ធនាគារវីង នឹងផ្ញើសារជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភនេះ តាមរយៈលេខទូរស័ព្ទរបស់អ្នក ដែលមានឈ្មោះក្នុងបញ្ជី ដើម្បីមកដកប្រាក់ឧបត្ថម្ភនេះ តាមរយៈភ្នាក់ងារវីង។ ពលរដ្ឋទាំងឡាយ ក៏អាចដកប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ។

សម្រាប់ព័ត៌មានបន្ថែម អំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ របស់លោកអ្នក ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរស័ព្ទលេខ ០១៥ ២១៩ ៨៨៨៕