(ភ្នំពេញ)៖ ក្រុមហ៊ុន Worldbridge Secure Logistics បានប្រកាសជាផ្លូវការ អំពីការប្តូរឈ្មោះថ្មីរបស់ក្រុមហ៊ុនខ្លួន ដោយប្រតិបត្ដិការក្រាមឈ្មោះជាក្រុមហ៊ុន «ប្រ៊ីង វើលប្រ៊ីដ ស៊ីឃ្ឃូរ ឡូជីស្ទីក ឯ.ក»។
ពិធីប្រកាសជាផ្លូវការនេះ បានធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល, លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន ប្រ៊ីង និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. PATRICK MURPHY។
ប្រ៊ីង គឺជាក្រុមហ៊ុនដឹកជញ្ជូនដែលមានសុវត្ថិភាពខ្ពស់ជាងគេបំផុតនៅលើពិភពលោក ហើយក៏ជាក្រុមហ៊ុនចំណាស់ជាងគេ បង្កើតឡើងនៅក្នុងឆ្នាំ១៨៥៩ ដែលមានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក បានព្រមព្រៀងបង្កើតជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយនឹងក្រុមហ៊ុន Worldbridge Secure Logistics ក្នុងការនាំយកមកនូវសេវាកម្មថ្មីមួយនៃការដឹកជញ្ជូនសាច់ប្រាក់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។
ពិធីប្តូរឈ្មោះ នឹងប្រកាសជាផ្លូវការនូវការផ្លាស់ប្តូរឈ្មោះ និងប្រតិបត្តិការនាពេលអនាគត ក្រោមពណ៌ និងឡូហ្គោ របស់ក្រុមហ៊ុន ប្រ៊ីង។
អ្នកឧកញ៉ា សៀ ឫទ្ធី បានថ្លែងថា «កិច្ចសហប្រតិបត្តិការនេះ នឹងកាន់តែធ្វើឱ្យយើង ដឹកជញ្ជូនសាច់ប្រាក់បានឡើងមួយកំរិតបន្ថែមទៀត។ យើងនឹងអាចផ្តល់សេវាកម្មថ្មីៗ ដូចជាការធ្វើប្រតិបត្តិការសាច់ប្រាក់ និងការស្តុកសាច់ប្រាក់ និងវត្ថុមានតម្លៃ»។
ជាមួយគ្នានោះ លោក Gary Freedman ប្រធានប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន ប្រ៊ីង បានថ្លែងថា «ប្រទេសកម្ពុជា ស័ក្កសមនឹងយុទ្ធសាស្ត្ររួមរបស់យើង ក្នុងការពង្រីកសេវាកម្មរបស់ ប្រ៊ីង ពាសពេញអាស៊ីអាគ្នេយ៍ និងតំបន់អាស៊ីប៉ាស៊ីហ្វិក»។
សូមជម្រាបថា ពិធីប្រកាសជាផ្លូវការនៃការរួមបញ្ជូលគ្នា រវាងក្រុមហ៊ុន វើលប្រ៊ីដ ស៊ីឃ្យរ ឡូជីស្មីក និងក្រុមហ៊ុនប្រ៊ីង ដោយផ្លាស់ប្ដូរឈ្មោះថ្មីទៅជា ប្រ៊ីង វើលប្រ៊ីដ ស៊ីឃ្ឃូរ ឡូជីស្ទីក ឯ.ក បានធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល៕