(កូរ៉េ)៖ វិទ្យាស្ថានស្រាវជ្រាវធុរកិច្ចរបស់កូរ៉េ ទើបតែបង្ហាញរបាយការណ៍ថ្មីប្រចាំខែកក្កដានេះ ស្តីពីក្រុមចម្រៀងបុរសក្នុងវិស័យ K-POP ដែលមានប្រជាប្រិយភាពបំផុត ក្នុងនោះ គឺ BTS ជាប់ចំណាត់ថ្នាក់លេខ១, ក្រុម SEVENTEEN ជាប់លេខ២ និងតាមពីក្រោយដោយក្រុម 2PM។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានកូរ៉េ Soompi នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

BTS គឺជាក្រុមចម្រៀង ដែលជាប់នៅលំដាប់កំពូល ក្នុងចំណោមក្រុមចម្រៀងបុរសល្បីចំនួន៣០ ជាមួយពិន្ទុក១៤,៩៩៥,១៤៨ ដែលជាចំណាត់ថ្នាក់ខ្ពស់ជាងគេ ប្រចាំខែកក្កដានេះ។ ចំណាត់ថ្នាក់នេះ គឺរួមបញ្ចូលទាំងប្រជាប្រិយភាពរបស់ពួកគេ តាមរយៈបទ «Butter» ដែលឈរជើងយ៉ាងរឹងមាំលើ Billboard Hot 100 ផងដែរ។

ក្រុមបន្ទាប់គឺ SEVENTEEN ដែលជាប់ចំណាត់ថ្នាក់លេខ២ ជាមួយពិន្ទុ ៤,២២០,៦១៣ ខណៈក្រុមទី៣ គឺ 2PM ជាមួយចំនួនពិន្ទុ ៣,៥៥៧,៣៦៩។

គួរជម្រាបថា ចំណាត់ថ្នាក់នេះ គឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើទិន្នន័យ នៃការគាំទ្ររបស់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស, ការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយ ទៅលើក្រុមចម្រៀងនីមួយៗ និងទិន្នន័យនៃការលក់ស្នាដៃចម្រៀងជាដើម ដោយគិតចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ខែកក្កដា៕