(រីយ៉ូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកូឡុំប៊ី បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៃព្រឹត្តិការណ៍ប្រចាំតំបន់អាមេរិកឡាទីន Copa America 2021 លើកទី៤៧ នេះ នៅពេលវាយបកឈ្នះប៉េរូ ៣-២ នៅទឹកដីនៃប្រទេសប្រេស៊ីលនាម៉ោង ០៧៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដានេះ (ម៉ោងនៅកម្ពុជា)។

ការប្រកួតដែលត្រូវបានធ្វើឡើងនាកីឡដ្ឋាន Estadio Nacional de Brazilia ផងនោះ កីឡាករ Yoshimar Yotun ជាអ្នករកគ្រាប់នាំមុខឲ្យប៉េរូនៅនាទី៤៥+១ ចុងម៉ោងនៃវគ្គទី១ មុនពេល Juan Cuadrado ដែលកំពុងប្រកបអាជីពក្នុងក្លិប Juventus នោះ រកបានគ្រាប់តាមស្មើ ១-១ ឲ្យកូឡុំប៊ីវិញនៅពេលចាប់ផ្តើមលេងវគ្គទី២ បាន ៤នាទីប៉ុណ្ណោះ និង Luis Diaz ដែលរកគ្រាប់តាមស្មើកាលលេងទល់នឹងអាហ្សង់ទីននោះ ក៏រកបានគ្រាប់នាំមុខ ២-១ ពីការបញ្ជូនរបស់មិត្តរួមក្រុម Camilo Vargas នៅនាទី៦៦ និងគ្រាប់ជ័យជម្នះរបស់គេដដែលនៅនាទី៩០+៤ ពីការបញ្ជូនរបស់ Luis Muriel ដែលទើបានប្តូរចូល។

កូឡុំប៊ី ដែលពុំមានកីឡាករខ្សែបម្រើ James Rodriguez ក្នុងយុទ្ធនាការ ២ឆ្នាំម្តងនេះ ក៏ធ្លាប់ចាញ់ប៉េរូក្នុងលទ្ធផល ២-១ នេះដែរកាលប្រកួតសន្សំពិន្ទុក្នុងពូល B និងជាក្រុមដែលចាញ់បាល់ ១១ម៉ែត្រក្រោមថ្វីជើងរបស់អាហ្សង់ទីនកាលវគ្គ ៤ក្រុមចុងក្រោយ ដ្បិតប៉េរូ ចាញ់ម្ចាស់ផ្ទះប្រេស៊ីល ១-០។

តែយ៉ាងណាជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន Copa America 2021 លើកទី៤៧ នេះរវាងអាហ្សង់ទីន ទល់នឹងម្ចាស់ផ្ទះសាំបាប្រេស៊ីល នឹងធ្វើឡើងនាម៉ោង ០៧៖០០នាទីព្រឹកដូចគ្នាថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Estadio do Maracana នៅពេលប្រេស៊ីលជាក្រុមការពារតំណែងជើងឯកកាលឈ្នះនៅឆ្នាំ២០១៩ និងអាហ្សង់ទីនរបស់ Lionel Messi ខកខានឈ្នះពានប្រចាំតំបន់អាមេរិកខាងត្បូងនេះមានរយៈពេល ២៨ឆ្នាំមកហើយ៕