(ឡុងដ៍)៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអង់គ្លេស លោក Grant Shapps បានប្រាប់ទៅកាន់ជនជាតិអ៉ីតាលី ដែលជាអ្នកគាំទ្របាល់ទាត់ កុំព្យាយាមធ្វើដំណើរមកកាន់ចក្រភពអង់គ្លេស ដើម្បីចូលរួមទស្សនា ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ Euro 2020 ក្នុងឆ្នាំនេះ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១១ ខែកក្កដាខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ។

ក្រុមជម្រើសជាតិអង់គ្លេស នឹងត្រូវជួបប្រកួតជាមួយក្រុមអ៉ីតាលី នាថ្ងៃអាទិត្យ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាពហុកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍, ជាទីកន្លែងដែលអ្នកគាំទ្រ ប្រមាណ៦០.០០០នាក់ នឹងមានវត្តមាននៅទីនោះ, ប៉ុន្តែមួយចំនួននៃពួកគេ នឹងជាជនជាតិអ៉ីតាលី ស្របពេលដែលវិធាននៃការធ្វើដំណើររបស់អង់គ្លេស តម្រូវឲ្យអ្នកធ្វើដំណើរមកដល់ ពីប្រទេសអ៉ីតាលី ត្រូវធ្វើចត្តាឡីស័ក រយៈពេល១០ថ្ងៃ។

«ប្រសិនបើយើងរកឃើញថា អ្នកដែលធ្វើដំណើរមក ត្រឹមតែដើម្បីចូលរួមទស្សនាបាល់ទាត់, ពួកគេនឹងមិនត្រូវបានអនុញ្ញាតឲ្យចូលនោះទេ ហើយតាមពិតទៅ ជើងហោះហើរពិសេស និងជើងហោះហើរត្រង់ជាច្រើន ត្រូវបានលុបចោល ដោយសារតែមូលហេតុនេះ», នេះបើតាមសម្តីលោក Shapps បានប្រាប់សារព័ត៌មាន Times Radio៕