(តូរីន)៖ គ្រូបង្វឹកថ្មីរបស់ក្លិបបាល់ទាត់ Inter Milan លោក Simone Inzaghi បានលើកឡើងថា លោកនឹងស្វាគមន៍កីឡាករ Christian Eriksen ត្រឡប់មកវិញ «ដោយក្តីរីករាយ និងពេញចិត្តបំផុត» បន្ទាប់ពីកីឡាករខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ បានទទួលរងបញ្ហាសាច់ដុំកន្ត្រាក់បេះដូង នៅអំឡុងពេលប្រកួតក្នុងព្រឹត្តិការណ៍ Euro 2020 កាលពីខែមុននៃជំនួបទល់នឹងជម្រើសជាតិហ្វាំងឡង់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១។

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចំណាយពេលសម្រាកព្យាបាលជំងឺជាច្រើនថ្ងៃមកហើយនៅឯមន្ទីរពេទ្យក្នុងស្រុក និងបានដាក់ឧបករណ៍បំប៉នការពារ ដែលបានផ្សាំ ដើម្បីគ្រប់គ្រងចង្វាក់បេះដូងរបស់គាត់ បន្ទាប់ពីមានបញ្ហានៅក្នុងការប្រកួតនៅថ្ងៃទី១២ ខែមិថុនា។

ការរំពឹងទុករបស់ Eriksen នៃការបន្តចាប់ផ្តើមឡើងវិញនូវអាជីពបាល់ទាត់របស់លោក គឺស្ថិតក្នុងភាពមន្ទិល ហើយការប្រើប្រាស់ឧបករណ៍បែបនេះ នៅក្នុងអាជីពបាល់ទាត់នៅអ៉ីតាលី គឺមិនមានភាពច្បាស់លាស់ឡើយ ប៉ុន្តែក្លិបគ្រោងនឹងធ្វើតេស្តវេជ្ជសាស្ត្រលើអតីតកីឡាករលេងនៅក្លិប Tottenham Hotspur រូបនេះ។

លោក Inzaghi បានលើកឡើងថា «សម្រាប់បច្ចុប្បន្ន លោកចាំបាច់ត្រូវសម្រាក ប៉ុន្តែក្នុងនាមជាគ្រូបង្វឹកក្លិប Inter ខ្ញុំរង់ចាំលោកដោយក្តីរីករាយ។ ខ្ញុំបាននិយាយជាមួយគាត់ មុនពេល Euro ចាប់ផ្តើម មិនមែនចាប់តាំងពីឧប្បត្តិហេតុបានកើតឡើងលើរូបលោកនោះទេ។ លោកគឺជាកីឡាករម្នាក់ ដែលខ្ញុំត្រូវការ»