(ក្រុងឡុងដ៍)៖ ក្នុងលទ្ធផល ២-១ ក្នុងនាទីបន្ថែម១៥នាទី ២ដងទៅលើដាណឺម៉ាកនោះ បានធ្វើឲ្យតោកំណាចអង់គ្លេស ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានធំជាលើកដំបូងជាប្រវត្តិសាស្រ្ត ដោយត្រូវជួបក្រុមខ្លាំងអាសូរី អ៉ីតាលី ដណ្តើមពានជើងឯកអឺរ៉ុប UEFA European Championship 2020 នាចុងសប្តាហ៍នេះ។

ជំនួបបិទបញ្ចប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ រនារាត្រីថ្ងៃពុធឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០៨ ខែកក្កដា ឆ្នាំ២០២១ ម្ចាស់ផ្ទះអង់គ្លេស បានរបូតគ្រាប់ទី១ ហើយនៅយុទ្ធនាការ Euro 2020 លើកទី១៦ នេះពីការស៊ុតបានសម្រេចរបស់កីឡាករ Mikel Damsgaard នៅនាទី៣០ មុនពេលមិត្តរួមក្រុម Simon Kjaer បានធ្វេសប្រហែសចូលទីខ្លួនឯងនៅ ៩នាទីបន្ទាប់មុនបញ្ចប់វគ្គទី១ នៅមុខអ្នកទស្សនាជាង ៦ម៉ឹននាក់នៅឯកីឡដ្ឋាន Wembley ដែលស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។

ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ៩០នាទី នៅមុនពេលខ្សែប្រយុទ្ធ Harry Kane រកបានគ្រាប់ជ័យជម្នះដែលជាបាល់សល់ ក្រោយពីស៊ុតបាល់ ១១ម៉ែត្រមិនបានសម្រេចក្នុងនាទី១០៤ នៃម៉ោងថែម ១៥នាទី ២ដងនោះ។

ដូច្នេះអង់គ្លេសបានបញ្ចប់រយៈពេលរង់ចាំអស់ ៥៥ឆ្នាំ ក្នុងការឡើងវគ្គផ្តាច់ព្រ័ត្រជាថ្មី ដែលត្រូវប៉ះអាសូរីអ៉ីតាលី ដែលបានទម្លាក់អតីតម្ចាស់ជើងឯកពាន Euro ៣សម័យកាលអេស្ប៉ាញដោយលទ្ធផល ៤-២ ដោយបាល់ ១១ម៉ែត្រ៕