(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាបង្ហាញម៉ូដ កញ្ញា រចនា រ៉ាវាឌី ដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ បានថ្លែងសារផ្ដាំផ្ញើដល់បងប្អូនសិល្បករ-សិល្បការិនីរួមអាជីព និងបងប្អូនប្រជាពលរដ្ឋទូទៅ ឲ្យប្រុងប្រយ័ត្នខ្ពស់ កុំធ្វេសប្រហែសជាមួយនឹងជំងឺកូវីដ-១៩ ដែលកំពុងតែរីករាលដាលរាល់ថ្ងៃនេះ ទោះបីជាបងប្អូនបានចាក់វ៉ាក់សាំង ការពាជំងឺនេះរួចរាល់ក្ដី។ ការថ្លែងផ្ដាំផ្ញើឲ្យបងប្អូន នៅតែមានការប្រុងប្រយ័ត្ន ពីកាឆ្លងជំងឺកូវីដ-១៩ នៅពេលនេះ គឺដោយសារតែរូបនាងផ្ទាល់ ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន២លើករួចមកហើយ ប៉ុន្តែនាងនៅតែមិនអាចគេចផុត ពីការឆ្លងជំងឺនេះដដែល។
ស្រីស្រស់រាងខ្ពស់ស្រឡះ កញ្ញា រចនា រ៉ាវាឌី បានថ្លែងប្រាប់ Fresh News Plus តាមរយៈសារអេឡិចត្រូនិច នៅថ្ងៃនេះឲ្យដឹងថា មូលហេតុដែលនាំឲ្យនាង ឆ្លងជំងឺកូវីដ-១៩ គឺដោយសារតែនាងបានប៉ះពាល់ផ្ទាល់ ជាមួយនឹងក្រុមការងារថត ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ រូបនាងកំពុងតែសម្រាកព្យាបាល គោរពតាមការណែនាំរបស់គ្រូពេទ្យរាល់ថ្ងៃ និងមានសុខភាពរឹងមាំល្អធម្មតា។ ជាពិសេស គឺការដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ពីសមាជិកគ្រួសារ និងលេបថ្នាំតាមវេជ្ជបញ្ជា។
រចនា រ៉ាវាឌី បានបន្តថា ទោះបីជារូបនាងត្រូវបានរកឃើញថា វិជ្ជមានជំងឺកូវីដ-១៩ ក្ដី ប៉ុន្តែគឺស្ថិតនៅក្នុងកម្រិតស្រាល ដែលមិនសូវធ្វើឲ្យរូបនាងភ័យបារម្ភ ពីបញ្ហសុខភាពនោះទេ។ ប៉ុន្តែអ្វីដែលជារឿងសំខាន់ ចង់ប្រាប់ដល់បងប្អូនគ្រប់គ្នា គឺនាងនៅតែទទូចឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងជំងឺកូវីដ-១៩ កុំមើលស្រាលជំងឺនេះឲ្យសោះ ព្រោះរូបនាងផ្ទាល់បានឆ្លងកាត់ការចាក់វ៉ាក់សាំងរួចរាល់ តែមិនអាចគេចផុតពីជំងឺនេះបាន។ នាងបន្តថា ជាពិសេសសូមបងប្អូន កុំទៅកន្លែងណាមានមនុស្សច្រើន ជៀសវាងការជួបជុំ និងត្រូវមានអនាម័យចំពោះខ្លួនឯងជាប់ជានិច្ច ដើម្បីបង្កាកុំឲ្យមានការឆ្លងកាន់តែច្រើន មកដល់ខ្លួនយើង ឬក្រុមគ្រួសាររបស់បងប្អូនណាម្នាក់។
សូមបញ្ជាក់ថា តារាសម្តែងល្បីឈ្មោះមួយរូប ក្នុងវិស័យភាពយន្ត ដែលមហាជននិយមឃើញវត្តមានក្នុងការសម្តែង ភាពយន្តជីវិតរបស់ផលិតកម្ម Sastra Film គឺកញ្ញា រចនា រ៉ាវាឌី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីនាងបានប៉ះពាល់ផ្ទាល់ ជាមួយនឹងក្រុមការងារថតភាពយន្ត៕