(ប៉េកាំង)៖ ថ្ងៃនេះយើងមកស្វែងយល់ពីភាពយន្តរឿង «រលកវិទ្យុដែលមិនសាបសូន្យ » ជាមួយគ្នា។ ភាពយន្តជារឿងរ៉ាវពិតរបស់លោក Li Bai រៀបរាប់អំពីរឿងរ៉ាវរបស់លោក Li Xia សមាជិកបក្សកុម្មុយនិស្តចិន ដែលបន្លំខ្លួនចូលទៅក្នុងតំបន់ ដែលកាន់កាប់ដោយសត្រូវ បញ្ជូនការណ៍សម្ងាត់ទៅអង្គការបក្ស ហើយទីបំផុតបានពលីជីវិតរបស់ខ្លួន ដើម្បីបុព្វហេតុបដិវត្តន៍។
ក្នុងឆ្នាំ ១៩៣៨ ទីក្រុងសៀងហៃគឺជាមូលដ្ឋានដែលពួកចក្រពត្តិនិយម ចូលឈ្លានពានប្រទេសចិន និងជាចំណុចជួបជុំសម្ងាត់សម្រាប់បក្ស Kuomintang ឃុបឃិតគ្នាជាមួយជប៉ុន ដើម្បីធ្វើសកម្មភាពក្បត់ជាតិ។ ស្ថានីយវិទ្យុសម្ងាត់របស់បក្សកុម្មុយនិស្តចិន ត្រូវបានសត្រូវបំផ្លាញចោល លោក Li Xia សមាជិកបក្សកុម្មុយនិស្តចិន ត្រូវបានបញ្ចូលទៅទីក្រុងសៀងហៃ ដើម្បីពង្រឹងការងាររបស់ស្ថានីយវិទ្យុសម្ងាត់។
អង្គការបក្សក៏បានបញ្ជូនអ្នកនាង He Lanfen ទៅទៅធ្វើជាមួយលោក Li Xia ដោយក្លែងធ្វើជាប្តីប្រពន្ធ។ នៅពេលថ្ងៃ លោក Li Xia គឺជាអ្នកលក់ក្រណាត់ប៉ាក់ហូណាន ហើយនៅពេលយប់បានទៅកន្លែងផ្ញើទូរសារ។
កាលពីមុន អ្នកនាង He Lanfen ជាកម្មការិនីរោងចក្រវាយនភ័ណ្ឌ ដូច្នេះក្លែងធ្វើស្រ្ដីអ្នកជំនួញមិនសូវទម្លាប់ទេ។ លោក Li Xia បានពន្យល់នាងអំពីសារៈសំខាន់ នៃការងាររបស់គាត់ចំពោះបដិវត្តន៍។ ក្នុងការតស៊ូប្រយុទ្ធ លោក Li Xia និងអ្នកនាង He Lanfen ក៏យល់ចិត្តគ្នា តាមរយៈការយល់ព្រមពីអង្គការ ពួកគេបានក្លាយជាប្តីប្រពន្ធពិតប្រាកដ។
លោក Li Xia បានប្រើរលកវិទ្យុដើម្បីលាតត្រដាង ការប្រើល្បិចចុះចាញ់របស់ពួកស្តាំនិយមនៃបក្ស Kuomintang និងផ្សព្វផ្សាយទស្សនៈរបស់បក្សកុម្មុយនិស្តចិន ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលបណ្តាលឱ្យសត្រូវភ័យស្លន់ស្លោយ៉ាងខ្លាំង។
បន្ទាប់ពីទីក្រុងសៀងហៃត្រូវបានកាន់កាប់ទាំងស្រុង ដោយកងទ័ពជប៉ុន ពួកជប៉ុនបានរកឃើញស្ថានីយវិទ្យុសម្ងាត់ តាមរយៈផ្តាច់ចរន្តអគ្គិសនីនៅសង្កាត់នីមួយៗដោយឡែកពីគ្នា ហើយបានចាប់ខ្លួនលោក Li Xia។ ទោះក្រោមការធ្វើទារុណកម្មដ៏ឃោរឃៅរបស់សត្រូវ លោក Li Xia បានការពារអាថ៌កំបាំងរបស់គណបក្សយ៉ាងតឹងរ៉ឹង តាំងពីដើមដល់ចប់ គាត់និយាយតែមួយម៉ាត់ថា ខ្ញុំជាជនជាតិចិន។ សត្រូវគ្មានជម្រើសអ្វីក៏ដោះលែងគាត់។
លោក Yao Wei ចារបុរសបក្ស Kuomintang ដែលជាប់ពន្ធនាគារជាមួយលោក Li Xia បានយល់ច្រឡំថា លោក Li Xia គឺជាមនុស្សមកពីបក្ស Kuomintang ហើយបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ លោក Yao បានអញ្ជើញលោក Li Xia ឱ្យចូលរួមក្នុងសកម្មភាពបញ្ជូនការណ៍សម្ងាត់ អំពីការចុះចាញ់ជប៉ុន។ លោក Li Xia ឆ្លៀតឱកាសនេះ បញ្ជូនព័ត៌មានទៅមជ្ឈិមបក្សកុម្មុយនិស្តចិន។
បន្ទាប់ពីប្រទេសជប៉ុនបានចុះចាញ់ ប្តីប្រពន្ធលោក Li Xia បានបន្តតស៊ូប្រយុទ្ធជាមួយបក្ស Kuomintang។ នៅឆ្នាំ១៩៤៩ សង្គ្រាមរំដោះជាតិជិតនឹងទទួលបានជ័យជម្នះចុងក្រោយ នៅពេលនោះ ស្ថានីយវិទ្យុរបស់លោក LiXia ត្រូវបានគេរកឃើញ។ អង្គការបក្សបានជូនដំណឹងឱ្យគាត់ ដកចេញទៅតំបន់មូលដ្ឋាន។
មុនថ្ងៃដកចេញ លោក Li Xia ទទួលបានព័ត៌មានសំខាន់ពីរ។ ដើម្បីបញ្ចូនព័ត៌មានទាំងពីរនេះចេញទៅ គាត់បានឱ្យប្រពន្ធគាត់នាំកូនប្រុសរបស់គាត់ចេញទៅមុន ចំណែកគាត់បន្តធ្វើការទៀត។
លោក Yao Wei បានស្ទង់ឃើញសញ្ញាពីស្ថានីយវិទ្យុរបស់លោក Li Xia ហើយបាននាំមនុស្សទៅឡោមព័ទ្ធកន្លែងរបស់លោក LiXia។
នៅគ្រាអាសន្នដែលសត្រូវកំពុងជិតមកដល់ លោក Li Xia បានបញ្ជូនការណ៍សម្ងាត់ឱ្យរួចរាល់។ ចុងកាំភ្លើងរបស់សត្រូវ បានសំដៅទៅលើលោក Li Xia លោក Li Xia បាក្រដាសការណ៍សម្ងាត់ចូលទៅក្នុងពោះយ៉ាងស្ងៀម ហើយបានផ្តាំផ្ញើពាក្យចុងក្រោយ ទៅកាន់យុទ្ធមិត្តរបស់គាត់ថា៖ «សមមិត្តទាំងឡាយលាហើយ ខ្ញុំនឹកអ្នកទាំងអស់គ្នា»៕