(ក្រុងឡុងដ៏)៖ អង់គ្លេស នឹងប៉ះក្រុមជម្រើសជាតិដាណឺម៉ាក ក្នុងវគ្គ ៤ក្រុមនៅពានអឺរ៉ុប Euro 2020 ដែលជាការប្រកួតសងសឹករបស់ក្រុមតោកំណាចមួយនេះ ទល់នឹងក្រុមរហ្សនាមរំសេវផ្ទុះដាណឺម៉ាក ដែលធ្លាប់ចាញ់កាលប៉ះគ្នាចុងក្រោយ ១-០ នៅពាន UEFA Nations League 2020 នាម៉ោង ០២៖០០នាទីយប់ឈានចូលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស។
ប្រវត្តិជួបគ្នា ២១លើក ក្រុមតោ៣ អង់គ្លេស បានយកឈ្នះដាណឺម៉ាក ១២លើកជាមួយនឹងប្រវត្តិការឈ្នះ ៣លើកក្នុងលទ្ធល ៥-២ ៤-១ និង ៣-០ យ៉ាងអស្ចារ្យទៅលើក្រុមដាណឺម៉ាកកាលឆ្នាំ១៩៥៦ ឆ្នាំ១៩៥៧ និងឆ្នាំ២០០២ នៃពានធំពិភពលោក FIFA World Cup ខណៈដាណឺម៉ាកវិញ រកបានជ័យជម្នះតែ ៤លើកប៉ុណ្ណោះ ក្រៅពីស្មើ ៥លើកចាប់តាំងឆ្នាំ១៩៤៨ មក។
ការប៉ះគ្នា ៥លើកនៃពានអឺរ៉ុប Euro កន្លងមក អង់គ្លេសបានយកឈ្នះដាណឺម៉ាក ៣លើក ស្មើ ១លើក និងចាញ់ ១លើក។ បើសិនអង់គ្លេស អាចរកបានជ័យជម្នះនោះ មានន័យថាអង់គ្លេស នឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង បន្ទាប់ពីរង់ចាំអស់រយៈពេល ៥៥ឆ្នាំចាប់តាំងពីឈ្នះពាន World Cup 1966 នៅពេលដាណឺម៉ាក ជាអតីតក្រុមជើងឯក Euro ១លើកផងដែរកាលឆ្នាំ១៩៩២។
ក្រុមឈ្នះរវាងអង់គ្លេស និងដាណឺម៉ាក នឹងត្រូវឡើងទៅប៉ះគូប្រជែងអាសូរីអ៉ីតាលី ដែលឈរចាំស្រាប់វគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ក្រុមគោជល់អេស្ប៉ាញ ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងលទ្ធផល ៤-២ ក្រោយស្មើគ្នាពេញម៉ោង ១២០នាទីនៃលទ្ធផល ១-១ នៅកីឡដ្ឋាន Wembley ដូចគ្នា៕