(អាមេរិក)៖ តារាចម្រៀងល្បីម្ចាស់បទ «Shape of You» លោក Ed Sheeran បានបង្ខំចិត្តដោះកាសចេញពីត្រចៀកភ្លាមៗ អំឡុងពេលធ្វើបទសម្ភាសន៍ក្នុងកម្មវិធី Podcast ដើម្បីទទួលទូរស័ព្ទពីអាជ្ញាធរអង់គ្លេស បាន Call ទូរស័ព្ទមកក្នុងគោលបំណងសាកសួរលោក ពីការអនុវត្តន៍ការធ្វើចត្តាឡីស័ក បន្ទាប់ពីតារារូបនេះទើបត្រឡប់មកពីទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអង់គ្លេស The Independent នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១។
តាមរយៈវីដេអូគេសង្កេតឃើញថា អំឡុងពេលមានកិច្ចសម្ភាសន៍ ជាមួយតួអង្គ Harry Potter លោក Oliver និង តារាសម្តែង James Phelps នៅក្នុងកម្មវិធី Podcast មានឈ្មោះថា «Normal Not Normal» នោះ តារាចម្រៀង Ed Sheeran ស្រាប់តែទទួលបានការហៅទូរស័ព្ទ ពីមន្ត្រីត្រួតពិនិ្យបញ្ហាកូវីដ-១៩ ប្រចាំតំបន់ ដើម្បីបញ្ជាក់ថា តារាចម្រៀងរូបនេះ បានអនុវត្តយ៉ាងម៉ត់ចត់ទៅតាមច្បាប់ធ្វើចត្តាឡីស័ក ឬអត់ ព្រោះលោកទើបតែធ្វើដំណើរ ពីអាមេរិកមកកាន់អង់គ្លេសនាពេលថ្មីៗនេះ។
តាមរយៈវីដេអូ គេសង្កេតឃើញថា តារាចម្រៀង Ed Sheeran បានធ្វើការសុំអភ័យទោស ដែលធ្វើឲ្យកម្មវិធីសម្ភាសន៍មានការរអាក់រអួល ដោយសារតែអាជ្ញាធរបានទូរស័ព្ទមកលោក។ តារាចម្រៀងរូបនេះ និយាយថា «ឈប់ ឈប់សិន មានមន្ត្រីរដ្ឋាភិបាល សួស្តី!»។ ទន្ទឹមគ្នានេះ អ្នករួមបទសម្ភាសន៍ ក៏បាននិយាយមួយម៉ាត់ម្នាក់ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ អំឡុងពេលតារាចម្រៀង Ed Sheeran និយាយទូរស័ព្ទជាមួយមន្ត្រី។
គួរជម្រាបថា តារាចម្រៀងម្ចាស់ពាន Grammy Award ដល់ទៅ៤លើក Ed Sheeran បច្ចុប្បន្នកំពុងតែផ្សព្វផ្សាយចម្រៀងទោលថ្មីរបស់លោក ចំណងជើងថា «Bad Habits»។ ជាពិសេស លោកក៏បានបញ្ចេញស្នាដៃសរសេរចម្រៀងឲ្យក្រុម K-POP ល្បី BTS ចំណងជើងថា «Permission to Dance» ដែលនឹងបញ្ចេញក្នុងពេលឆាប់ៗនេះផងដែរ៕