(អាមេរិក)៖ កម្មវិធីកម្សាន្តដ៏ពេញនិយម Tiktok បានគាំងនៅប៉ុន្មានម៉ោងមុននេះ នៅជុំវិញពិភពលោក ប៉ុន្តែមិនបានប៉ះពាល់ដល់អ្នកប្រើប្រាស់ទាំងអស់នោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNet នៅថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២១។
អ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter ថា ពួកគេមិនអាចចូលទៅប្រើប្រាស់ Tiktok បាន ដោយអ្នកខ្លះទៀតបាននិយាយថា ពួកគេមិនអាចមើលវីដេអូ និង Upload វីដេអូបាននោះទេ។
ក្រុមហ៊ុន Tiktok បានផុសនៅលើបណ្ដាញសង្គម Twitter ថានៅពេលនេះ កម្មវិធី TikTok ដំណើរការល្អជាប្រក្រតីវិញហើយ តែមិនបានបញ្ជាក់ថា ការគាំងនេះបណ្តាលមកពីបញ្ហាអ្វីនោះទេ ខណៈអ្នកវិភាគមួយចំនួនបានលើកឡើងថា អាចមកពីដាច់ភ្លើង និងអ្នកខ្លះទៀតថា គឺមកពីបញ្ហាបច្ចេកទេស។
គួរបញ្ជាក់ផងដែរថា យោងតាមសន្ទុះនៃការបញ្ចេញមតិនៅលើ Twitter ឃើញថាកម្មវិធី Tiktok ពិតជាមានអ្នកប្រើជាប្រចាំច្រើន៕