(ភ្នំពេញ)៖ សត្វកែះ ជាប្រភេទសត្វមានដោយកម្រ ត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទសត្វងាយរងគ្រោះថ្នាក់ជាសកល និងជាសត្វស្ថិតក្នុងឧបសម្ព័ន្ធទី១ របស់អនុសញ្ញាសាយតេស។

ជុំវិញវត្តមានសត្វកែះនេះដែរ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្រក្រសួងបរិស្ថាន បានថ្លែងថា ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវរបស់ក្រសួងបរិស្ថាន បានរកឃើញវត្តមានសត្វកែះ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិស្ថិតក្នុងក្របខណ្ឌ នៃការសិក្សាចងក្រងទិន្នន័យប្រភេទសត្វកម្រៗនៅកម្ពុជា។

បើតាមលោក នេត្រ ភក្ត្រា ប្រភេទសត្វកម្រនៅលើពិភពលោកនេះ ត្រូវបានកត់សម្គាល់ថាមានវត្តមាននៅក្នុងតំបន់ ការពារធម្មជាតិនៅកម្ពុជា ដែលនេះ គឺជាការផ្តល់នូវទិន្នន័យមួយយ៉ាងសំខាន់ សម្រាប់ការអភិរក្សជីវៈចម្រុះនៅកម្ពុជាក៏ដូចជាសម្រាប់ពិភពលោកទាំងមូល។

គេមិនទាន់មានទិន្នន័យពិតប្រាកដថាមានសត្វកែះប៉ុន្មានក្បាលរស់នៅក្នុងប្រទេសកម្ពុជាទេ តែបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ប្រភេទសត្វកែះនេះ មានដង់ស៊ីតេរស់នៅកម្រិតទាបបំផុតដោយសារតែជាសត្វកម្រ។ បច្ចុប្បន្ននេះ សត្វកែះ កំពុងប្រឈមមុខនឹងការបាត់បង់ពូជដោយសារការបរបាញ់ ការដាក់អន្ទាក់ និងការបាត់បង់ជីជម្រក។ អ្វីដែលធ្វើឱ្យសត្វកែះរងគ្រោះខ្លាំងដោយសារតែការប្រមាញ់ដើម្បីយកសាច់ ស្នែង ឆ្អឺងក្នុងការជួញដូរដោយសារតែជំនឿ។

យោងតាមការសិក្សាសត្វកែះ មានសម្បុរខ្មៅប្រផេះ និងរោមវែងស្តើង វាមានដងខ្លួនខ្លី ហើយជើងទាំង ៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ ប្រផេះ លឿង។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋាន ដូចជាប្រែង។ វាមានស្នែងដូចសត្វពពែ ដុះកោងទៅក្រោយបន្តិច ប្រវែងប្រហែល ២៨០មីលីម៉ែត្រ ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ កន្ទុយខ្លី ហើយមានរោមសំពោងពណ៌ខ្មៅប្រផេះ។

តាមការសិក្សាចំពោះជីវសាស្ត្រវិញ សត្វកែះ ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗដែលមាគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន។ កែះមានជើងយ៉ាងចំណាប់ក្នុងការដើរឡើងតាមផ្ទាំងថ្មចោតៗ។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ សត្វកែះចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រករបស់វា ហើយគេអាចសម្គាល់វត្តមានវាដោយសារគំនរលាមក។

ដោយសារតែសត្វកែះ ជាសត្វមានភាពរហ័សរហួន និងពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ ដូច្នេះ គេកម្រនឹងជួបប្រទះវាណាស់។ រដូវបន្តពូជសត្វកែះ មាននៅខែតុលា និងខែធ្នូ ហើយកើតបានកូន១ ជួនកាលភ្លោះមានដោយកម្របន្ទាប់ពីពពោះ៧ ខែ។ កូនរស់នៅជាមួយមេវាស្ទើរពេញមួយឆ្នាំទើបចាកចេញ៕