(ភ្នំពេញ)៖ កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ៦រូបដែលជាសិស្សានុសិស្សសាលា Authentic Advanced Academy (AAA) និងជាសមាជិកខេមរសហព័ន្ធតេក្វាន់ដូ បានដណ្ដើមមេដាយសរុប ១១គ្រឿងក្នុងការប្រកួតអន្ដរជាតិ នៅប្រទេសហ្វីលីពីនដែលមានឈ្មោះថា 2021 One International Taekwondo Poomsae Championships កាលពីចុងខែមិថុនាកន្លងទៅ។
ការប្រកួតលក្ខណៈអន្ដរជាតិនេះបានធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានកីឡាករ-កីឡាការិនីចូលរួមជាង ៣០០នាក់មកពី ១១ប្រទេស ស្មើនឹង ៣០សាលាគុន ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីតំណាងប្រទេសកម្ពុជា ៦រូបផងដែរ។ ជាលទ្ធផលកីឡាករ-កីឡាការិនីរបស់កម្ពុជា ដណ្ដើមបានមេដាយមាស ៣, ប្រាក់ ៤ និងសំរឹទ្ធ ៤ សរុប ១១គ្រឿងឈរលេខរៀងទី៥ ខណៈលេខ១ បានទៅម្ចាស់ផ្ទះហ្វីលីពីន, លេខ២ អាមេរិក និងលេខ៣ កាណាដា។
ក្រោយបញ្ចប់ការប្រកួត គណៈកម្មការរៀបចំកម្មវិធីលក្ខណៈអន្ដរជាតិនេះបានសម្ដែងការកោតសរសើរ ចំពោះឪពុកម្ដាយកីឡាករ-កីឡាការិនីទាំងអស់ ដែលបានគាំទ្រ និងជំរុញកូនៗចូលរួមប្រកួតក្នុងកម្មវិធី 2021 One International Taekwondo Poomsae Championships ដើម្បីនាំមកនូវមោទនភាព និងការលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្ដរជាតិផងដែរ៕