(ស្វាយរៀង)៖ ក្រុមបាល់ទាត់អង្គរថាយហ្គឺរ បានបន្ថែម ៣ពិន្ទុទៀតហើយ ដើម្បីរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ និងឈរកំពូលតារាង នៃលីគកំពូលកម្ពុជាបណ្ដោះអាសន្ន បន្ទាប់ពីវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ នៅល្ងាចថ្ងៃទី០៦ ខែកក្កដានេះ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ជំនួបដ៏ជក់ចិត្តបង្គ្រប់សប្ដាហ៍ទី៦ នេះ ស្វាយរៀងបានស៊ុតបំប៉ោងសំណាញ់ទីក្រុមភ្ញៀវ ១គ្រាប់មុនដោយកីឡាករLopez Mendy នៅនាទីទី៥។ ប៉ុន្ដែភាពសប្បាយរីករាយរបស់ក្រុមម្ចាស់ផ្ទះត្រូវបានបញ្ចប់នៅនាទីទី១០ បន្ទាប់ពីកីឡាករ តាំង ពិសី រកបានគ្រាប់បាល់តាមស្មើ ១-១ ឲ្យក្រុមអង្គរថាយហ្គឺរ ហើយលទ្ធផលនេះបានរក្សារហូតដល់ចប់វគ្គទី១។

ចូលវគ្គទី២ ក្រុមទាំងពីរបានធ្វើការសម្រុកគ្នាកាន់តែខ្លាំងរហូតដល់នាទី៧០ ទើបមានគ្រាប់បាល់កើតឡើងជាថ្មីដែលធ្វើបានសម្រេចដោយកីឡាករ ឡុង ម៉េងហាវ ជួយឲ្យក្រុមខ្លាទឹកក្រូចអង្គរថាយហ្គឺរ បើកការនាំមុខក្រុមម្ចាស់ផ្ទះវិញ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង បានព្យាយាមវាយបក តែធ្វើមិនបានសម្រេច មុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

ជ័យជម្នះនេះបានធ្វើឲ្យក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប អង្គរថាយហ្គឺរ បន្ដឈរកំពូលតារាងបណ្ដោះអាសន្នក្នុងសប្ដាហ៍ទី០៦ នៃលីគកំពូលកម្ពុជា ជាមួយកំណត់ត្រាមិនទាន់ស្គាល់ចាញ់ បន្ទាប់ពីឆ្លងកាត់ ៦ប្រកួត ឈ្នះ ៥ និងស្មើ ១ រកបាន ១៦ពិន្ទុ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បន្ដឈរលេខរៀងទី៥ និងមាន ៩ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ ៣ និងចាញ់ ២ប្រកួត៕