(ភ្នំពេញ)៖ ពិធីករល្បីឈ្មោះគួរសម ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស លោក សុខ រ៉ាស៊ី បានប្រកាសជំហរបស់ខ្លួនថា លោកកំពុងតែពិភាក្សាជាមួយនឹងមេធាវី ដើម្បីដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ប្ដឹងលោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត «Miss Grand Cambodia 2020» ពីបទរំលោភលើសេចក្ដីទុកចិត្ត បន្ទាប់ពីលោក អ៊ិន សុភិន បានគេចវេសជាច្រើនលើក មិនដោះស្រាយបញ្ហាលុយជំពាក់ ពេលជួលឆាកតន្រ្តី និងសម្ភារៈផ្សេងៗទៀត អំឡុងពេលរៀបចំកម្មវិធី «Miss Grand Cambodia 2020» ដែលមានទំហំទឹកប្រាក់ជិត២ម៉ឺនដុល្លារ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ខណៈដែលបញ្ហានេះលោក សុខ រ៉ាស៊ី បានទុកពេលវេលាឲ្យជិតមួយឆ្នាំមកហើយ ដើម្បីមានលទ្ធភាពដោះស្រាយ ប៉ុន្តែពុំទទួលបានលទ្ធផល។

ពិធីករសំបូរវោហារស័ព្ទ លោក សុខ រ៉ាស៊ី បានថ្លែងប្រាប់ Fresh News Plus នៅមុននេះបន្តិចថា មុននឹងឈានដល់ការចាត់វិធានការ និងពិភាក្សាដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ជាមួយនឹងមេធាវី គឺលោកបានទុកឱកាសឲ្យលោក អ៊ិន សុភិន រយៈពេលជិតមួយឆ្នាំមកហើយ ព្រោះលោកយល់ថា ជាអ្នកសិល្បៈដូចគ្នា តែងតែមានការងារជាមួយគ្នា មិនអាចគេចចេញពីគ្នាបានឡើយ ជាពិសេសគឺលោកយល់លើកិត្តិយសដ៏សំខាន់។ ប៉ុន្តែពេលលោកសួរនាំ ពីបញ្ហាលុយជំពាក់ថ្លៃជួលឆាក និងសំឡេងពេលរៀបចំកម្មវិធី «Miss Grand Cambodia 2020» គឺលោក អ៊ិន សុភិន តែងសន្យាថា ចាំថ្ងៃនេះចាំថ្ងៃនោះ មិនចេះអស់មិនចេះហើយ។ ជាពិសេសពេលលោកព្យាយាម ទំនាក់ទំនងតាមទូរស័ព្ទ តាមហ្វេសប៊ុក គឺលោក អ៊ិន សុភិន មិនឆ្លើយតប និងមិនលើកទូរស័ព្ទអ្វីទាំងអស់។

លោក សុខ រ៉ាស៊ី បន្តថា ដោយសារតែលោកមានការយោគយល់ច្រើននេះហើយ បានជាបណ្ដោយពេលវេលារហូតដល់រយៈពេលជិតមួយឆ្នាំ។ លោកថា ស្ថិតនៅក្នុងបរិបទសម័យកូវីដ-១៩ វាយលុកចូលមកនេះ បានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព និងសេដកិច្ចគ្រួសាររបស់បងប្អូនអ្នកសិល្បៈទូទៅ។ ក្នុងនោះរូបលោកក៏ប៉ះពាល់ខ្លាំងដូចគ្នា ខណៈសព្វថ្ងៃនេះ លោកបានប្រកាសលក់ផ្ទះ លក់ឡាន ដើម្បីយកលុយមកបង្វិលដោះស្រាយ បំណុលធនាគារឲ្យទាន់ពេលវេលា។ យ៉ាងណាមិញ ចំពោះបំណុលរបស់លោក អ៊ិន សុភិន ប្រសិនបើទូទាត់ជូនលោក ជាដំណាក់កាលៗ នោះលោកក៏អាចសម្របសម្រួលទទួលយកបានដែរ តែនេះគ្មានទាល់តែសោះ។

ដោយឡែក សម្រាប់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នករៀបចំកម្មវិធីប្រកួត «Miss Grand Cambodia 2020» ពុំទទួលបានការឆ្លើយតបអ្វីនោះទេ ខណៈដែល Fresh News Plus បានព្យាយាមធ្វើការទំនាក់ទំនង ទៅកាន់រូបលោកជាច្រើនដង។

សូមជម្រាបថា កម្មវិធី «Miss Grand Cambodia 2020» ដែលលោក អ៊ិន សុភិន ជាអ្នកទទួលខុសត្រូវរៀបចំសម្រាប់ឆ្នាំ២០២០នេះ គឺមានការគាំទ្រខ្លាំងស្ទើរនឹកស្មានមិនដល់ ទោះបីជាការប្រកួតជាលក្ខណៈអន្តរជាតិ បេក្ខនារីរបស់កម្ពុជា ពុំទទួលបានជយលាភីលេខ១ក្ដី។ ប៉ុន្តែស្របជាមួយនឹងការគាំទ្រពីមហាជន គេសង្កេតឃើញមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើន ធ្លាយចេញជាបន្តបន្ទាប់ក្រោយពេលកម្មវិធីប្រកួតរកឃើញ អ្នកទទួលជយលាភីតំណាងប្រទេស។ ក្នុងនោះកញ្ញា សេង រដ្ឋា ដែលទទួលបានជយលាភីលេខ១ តំណាងប្រទេសទៅប្រកួតលើឆាកអន្តរជាតិ បានប្រកាសលាលែងពីតំណែងក្រងមកុដ ព្រោះតែមានរឿងរ៉ាវ ជាមួយលោក អ៊ុន សុភិន ជាអ្នករៀបចំ។

រហូតមកដល់ពេលនេះ សម្រាប់កម្មវិធី «Miss Grand Cambodia 2020» ក៏នៅតែមិនទាន់ចប់ ហើយបែរជាមកលេចធ្លាយរឿងលោក អ៊ិន សុភិន មិនទាន់ទូទាត់លុយថ្លៃឆាក ភ្លើង និងសំឡេង ដែលបានជួលពីលោក សុខ រ៉ាស៊ី នៅឡើយ៕