(ភ្នំពេញ)៖ ពិតជារីកចម្រើនយ៉ាងឆាប់រហ័សមែន មិនទាន់បាន១ឆ្នាំផង បន្ទាប់ពីបានអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា ធនាគារ ហត្ថា បានចាប់ផ្តើមបុកគ្រឹះសាងសង់អគារការិយាល័យកណ្តាលថ្មី ដែលមានទំហំសំណង់ប្រមាណជាង ៤០,០០០ម៉ែត្រក្រឡា តាមបណ្តោយផ្លូវសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។
អគារការិយាល័យកណ្តាលថ្មីដ៏ធំស្កឹមស្កៃនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ ដោយមានការចូលរួម ពីគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ ហត្ថា និងក្រុមហ៊ុនស៊ីអឹមអ៊ីឌី ខនស្ត្រាក់សិន ម.ក ដែលជាក្រុមហ៊ុនទទួលខុសត្រូវក្នុងការសាងសង់។
ឧកញ៉ា ហួត អៀត តុង ប្រធានអគ្គនាយកធនាគារ ហត្ថា បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង ចំពោះសមិទ្ធផលដែលធនាគារសម្រេចបាន នៅពេលនេះ ហើយវាជាថ្ងៃដ៏វិសេសវិសាលបំផុតសម្រាប់រូបលោក គណៈគ្រប់គ្រង និងបុគ្គលិករបស់ធនាគារ ដែលបានខិតខំប្រឹងប្រែងព្យាយាមបំពេញការងារ អស់ពីកំលាំងកាយចិត្តអស់រយៈពេលជិត៣០ឆ្នាំ ដើម្បីទទួលបានលទ្ធផលដូចថ្ងៃនេះ។
លោកបានថ្លែងថា «អគារការិយាល័យកណ្តាលថ្មីនេះ គឺជាសមិទ្ធផលយ៉ាងធំធេងមួយទៀត ដែលបានកើតចេញពីកិច្ចខិតខំប្រឹងប្រែង តស៊ូព្យាយាមអស់ពីកំលាំង កាយចិត្ត របស់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា ហើយការសាងសង់នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពរីកលូតលាស់នៃអាជីវកម្ម កំណើនបុគ្គលិកដែលបានកើនឡើង យ៉ាងឆាប់រហ័ស និងឆ្លើយតបទៅផែនការអាជីវកម្មដែលយើង បានប្តេជ្ញាក្លាយទៅជាធនាគារពាណិជ្ជជំរើសទីមួយ របស់អតិថិជន ព្រមទាំងដើម្បីបង្ហាញពីកិត្យានុភាព កសាងទំនុកចិត្ត និងផ្តល់ផាសុកភាពដល់អតិថិជន និងបុគ្គលិករបស់ធនាគារ ហត្ថា ទាំងអស់»។
អគារការិយាល័យថ្មីនេះ លាតសន្ធឹងលើផ្ទៃដីទំហំប្រមាណជាង ១៥,០០០ម៉ែត្រក្រឡា មានទំហំសំណង់សរុបប្រមាណជាង ៤០,០០០ម៉ែត្រក្រឡា និងមានកំពស់ ២២ជាន់។ ហើយអគារថ្មីនេះ មានមុខងារជាច្រើនរួមមាន ការិយាល័យសម្រាប់បុគ្គលិកធ្វើការ ការិយាល័យទទួលភ្ញៀវ ហាងកាហ្វេ អាហារដ្ឋាន ទារកដ្ឋាន និងក្លឹបហាត់ប្រាណជាដើម -ល-។
សូមរំលឹកផងដែរថា គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប ៨៧៥លានដុល្លារអាមេរិក ផលប័ត្រឥណទានសរុបចំនួន ១,៤១៨លានដុល្លារអាមេរិក និងមានអតិថិជនបើកគណនីសរុបជិត ៥០០,០០០គណនី។
នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា បាននឹងកំពុងធ្វើការដំឡើងប្រព័ន្ធធនាគារស្នូល ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កើតនូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប ទៅតាមតម្រូវការរបស់អតិថិជន ជាមួយនឹងសេវាកម្មធនាគារបែបឌីជីថល ដែលជាដំណោះស្រាយសេវាហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ហើយនាពេល ឆាប់ៗនេះ ធនាគារ ហត្ថា មានផែនការដាក់ចេញនូវសេវាកម្មធនាគារជាច្រើនទៀត ដើម្បីបម្រើដល់អតិថិជនឲ្យកាន់តែប្រសើរឡើង។
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធ ហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ លើសកលលោក៕