(ភ្នំពេញ)៖ ក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនឹងក្រសួងបរិស្ថាន ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថាន និងការផ្គត់ផ្គង់រថយន្តដឹកសំរាម។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនារសៀរថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នៅ ក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានខាងលើ តំណាងដោយ ឯកឧត្តម ជា ស៊ីណា អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងក្រុមហ៊ុន អិលវីអិមស៊ី ហូលឌីង តំណាងដោយ លោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្ត ក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីង។
លោក ជា ស៊ីណា បានឱ្យដឹងថា ការអនុស្សរណៈនៃការយោគយល់គ្នានេះ ដើម្បីបង្កើតសហប្រតិបត្តិការរវាងភាគីទាំងពីរលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្នុងការបញ្ជាទិញ និងផ្គត់ផ្គង់រថយន្ដដឹកសំរាម រវាងភាគីទាំងពីរ ដើម្បីធ្វើការរួមគ្នាក្នុងការលើកកម្ពស់អនាម័យ សោភ័ណភាព បរិស្ថានចូលរួមលើកកម្ពស់ផលិតផល ដែលផលិតក្នុងស្រុក ជំរុញលើកទឹកចិត្តដល់ប្រជាជនកម្ពុជាអោយមានការស្នេហាជាតិ។
លោកស្រី ម៉ៅ គន្ធា ដែលជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនអិលវីអិមស៊ី ហូលឌីងបានឱ្យដឹងថាក្រុមហ៊ុន អិលវីអិមស៊ី
ហូលឌីងជាតំណាងចែកចាយផ្តាច់មុខរថយន្ត SsangYong ដែលជារថយន្តសេរីទំនើបមានដូចជា រថយន្តSUV, Compact SUV,រថយន្ត PickUp ដែលពេញនិយមនៅកម្ពុជា និងចែកចាយផ្គត់ផ្គង់រថយន្តដឹកសំរាមដែលតម្លើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ទេរបច្ចេកវិទ្យា ព្រមទាំងជំនាញក្នុងការតម្លើងរថយន្ដ និងទទួលខុសត្រូវក្នុងការផ្គត់ផ្គង់គ្រឿងបន្លាស់ ការធានា និងសេវាកម្មជួសជុល៕