(ភ្នំពេញ)៖ ស្របតាមផែនការផ្សព្វផ្សាយ ២ឆ្នាំ មុនការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានធ្វើការជំរុញដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ពិសេសគណៈកម្មជំនាញនីមួយៗ ត្រូវចាប់ផ្ដើមយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយពីឥឡូវទៅ ដើម្បីជាគុណតម្លៃដ៏សំខាន់ ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។
ការជំរុញធ្វើយុទ្ធនាការបំផ្ទុះការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ាប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍តាមប្រព័ន្ធអនឡាញ (Zoom) របស់គណៈអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី២៩ ខែមិថុនានេះ ដោយផ្ដោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងក្រោយបញ្ចប់កិច្ចប្រជុំថា នេះគឺជាយុទ្ធនាការដ៏សំខាន់ ដ្បិតកម្ពុជានៅសល់ពេលមិនដល់ ២ឆ្នាំទៀតនោះទេ ក្នុងការត្រៀមធ្វើខ្លួនម្ចាស់ផ្ទះ។ ដូច្នេះទាមទារឲ្យគណៈកម្មការជំនាញនីមួយៗរួមទាំងអាជ្ញាធរគ្រប់ររាជធានី-ខេត្ត ដែលជាអនុប្រធានរបស់ CAMSOC ពិសេសរាជធានី-ខេត្ត ដែលត្រូវធ្វើម្ចាស់ផ្ទះលើប្រភេទកីឡាមួយចំនួន ត្រូវចូលរួមយុទ្ធនការផ្សព្វផ្សាយនេះ។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា «យន្ដការនៃការផ្សព្វផ្សាយមានច្រើន ដែលជាសេណារីយោនៃផែនការយុទ្ធសាស្ត្រក្នុងការផ្សព្វផ្សាយ គឺមានការផ្សព្វផ្សាយក្នុងប្រទេស ដែលយើងប្រើប្រាស់យន្តការប្រព័ន្ធផ្សព្វផ្សាយជាតិ តាមរយៈទូរទស្សន៍ជាតិ បណ្ដាញព័ត៌មានជាតិ និងការផ្សព្វផ្សាយក្រៅប្រទេស ដែលយើងយកយន្តការការទូត យន្តការកិច្ចការបរទេស តាមរយៈតំណាងកុងស៊ុល ឬស្ថានទូតកម្ពុជានៅឯប្រទេសក្រៅ ពិសេសប្រទេសសមាជិកស៊ីហ្គេម...រួមទាំងស្ថានទូតរបស់ប្រទេសនានានៅកម្ពុជាផងដែរ»។
លោកបន្ដថា «ការផ្សព្វផ្សាយធ្វើឲ្យមានគុណតម្លៃ នៃព្រឹត្តិការណ៍ ធ្វើឲ្យមានការគាំទ្រ និងការឧបត្ថម្ភទៅលើព្រឹត្តិការណ៍បានន័យថា ធ្វើឲ្យកេរ្ដិ៍ឈ្មោះព្រឹត្តិការណ៍ហ្នឹងកាន់តែមានតម្លៃសម្រាប់ទាក់ទាញធុរៈកិច្ច ទាក់ទាញការគាំទ្រ និងការចូលរួមឧបត្ថម្ភជាដើម។ ចឹងយន្ដការទាំងអស់នេះ គឺយើងធ្វើដោយគុណភាពល្អ តាមស្តង់ដារ ដូចជាការផលិតវីដេអូ គឺយើងផលិតក្នុងគុណភាពដ៏ខ្ពស់ សម្រាប់ធ្វើការផ្សព្វផ្សាយ ហើយក៏យើងធ្វើឲ្យគុណភាពនៃការផលិតឧបករណ៍ សម្ភារៈ សម្រាប់ធ្វើការផ្សព្វផ្សាយហ្នឹង ក៏ត្រូវមានគុណភាពដែរ»។
លោករដ្ឋមន្ដ្រី ថោង ខុន បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ លើការបញ្ជ្រាបការយល់ដឹងអំពីការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាការប្រកាសថា កម្ពុជាបានរៀបចំខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវ អត្តពលិក និងបណ្តាប្រទេសនានា ប្រកបដោយភាពកក់ក្តៅ និងក្តីសង្ឃឹម។ លោករំពឹងថា ការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា នឹងធ្វើឲ្យបានល្អជាងស៊ីហ្គេមមុនៗ ប្រកបដោយសេចក្ដីថ្លៃថ្នូរ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ចារទុកជាកំណត់ត្រាប្រវត្តិសាស្ត្រទៀតផង៕