(ថៃ)៖ តារាសម្តែងថៃរូបស្រស់ដ៏មានប្រជាប្រិយភាព ជាតួឯកក្នុងរឿង «រាជនីសេ្តចនាគ» គឺកញ្ញា Taew Natapohn បានបញ្ជាក់ក្នុងបណ្តាញសង្គម Instagram របស់ខ្លួនថា លទ្ធផលធ្វើតេស្តរកកូវីដ-១៩ លើកទី១របស់នាង គឺចេញលទ្ធផលអវិជ្ជមាន។ ការទៅធ្វើតេស្តនេះ គឺបន្ទាប់ពីនាងមានទំនាក់ទំនងជាមួយតារាស្រី Pancake ដែលរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី២៧កន្លងទៅនេះ។
ទោះបីជាទទួលបានលទ្ធផល អវិជ្ជមានកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែតារាស្រី Taew Natapohn នៅតែស្ថិតក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល ខណៈការធ្វើចត្តាឡីស័កលើកនេះ ត្រូវបានគេដឹងថា ជាការធ្វើចត្តាឡីស័កលើកទី៧ហើយ របស់តារាស្រី Taew Natapohn។ មូលហេតុនោះ គឺដោយសារតែនាពេលកន្លងទៅ នាងបានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយក៏ត្រូវធ្វើចត្តាឡីស័ក ប៉ុន្តែរយៈពេល៦លើកនោះ គឺនាងបានឆ្លងផុត ដោយមិនបានឆ្លងកូវីដ-១៩នោះទេ ខណៈលើកនេះជាលើកទី៧ហើយ។
គួរជម្រាបថា តារាសម្តែងថៃ Taew Natapohn បានពាក់ព័ន្ធជាមួយកញ្ញា Pancake តាមរយៈការចូលរួមសិក្ខាសាលាជាមួយគ្នា តែយ៉ាងណា នាងអះអាងថា មនុស្សគ្រប់រូបដែលចូលរួម រួមទាំងនាងផ្ទាល់ សុទ្ធតែបានពាក់ម៉ាស់ផងដែរ៕