(អាមេរិក)៖ ខ្សែភាពយន្តហូលីវូដ «Fast and Furious 9» ឬ F9 ហាក់ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការចាក់បញ្ចាំងនៅតាមរោងភាពយន្តនានា ក្នុងរដូវកាលកូវីដ-១៩នេះ ពោលគឺបន្ទាប់ពីវា ត្រូវបានចាក់បញ្ចាំងតាមរោងកុនទូទាំងពិភពលោករួចមក រឿងមួយនេះបានសម្រេចចាក់បញ្ចាំងនៅទឹកដីកំណើត គឺសហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែមិថុនា កន្លងទៅនេះ ដែលត្រឹមតែការចាក់បញ្ចាំងចុងសប្តាហ៍ដំបូង ទទួលបានប្រាក់ចំណូលរហូតដល់៧០លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sky News នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

រឿង «Fast and Furious 9» ដែលប្រមូលផ្តុំដោយតារាល្បីៗតាំងពីវគ្គ១ដល់វគ្គ៩ ជាពិសេសជាការចូលរួមសម្តែងដោយលោក Vin Diesel ប៉ះជាមួយ John Cena ផងនោះ បានធ្វើឲ្យរឿងនេះ ទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនគ្រប់ទិសទី ខណៈការចាក់បញ្ចាំងដំបូងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រសប្តាហ៍មុន រហូតមកទល់នឹងពេលនេះ ទទួលបានប្រាក់ចំណូលខ្ពស់ទៅហើយ គឺ៧០លានដុល្លារអាមេរិក។ ចំនួននេះ គឺច្រើនជាងចំណូលរបស់ភាពយន្ត «A Quiet Place II» ដែលបានបង្កើតកំណត់ត្រាកន្លងមក ក្នុងរដូវកាលកូវីដ-១៩ ជាមួយប្រាក់ចំនូល ៤៨.៣លានដុល្លារអាមេរិក។

លោក Vin Diesel តួអង្គសំខាន់ម្នាក់ក្នុងភាពយន្តមួយនេះ បានប្រាក់សារព័ត៌មាន Sky News ថា រឿង «Fast and Furious» មិនត្រឹមតែសម្រាប់ទស្សនិកជនដែលនិយមតាមដានតាំងពីវគ្គដំបូងឡើយ អីឡូវនេះ វាបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជំនាន់ក្រោយ យ៉ាងច្រើនកុះករឲ្យចូលរួមទស្សនា...។

គួរជម្រាបថា ការចាក់បញ្ចាំងរឿង «Fast and Furious» (F9) វគ្គ៩ នៅបណ្តាប្រទេសជាច្រើនលើពិភពលោក (លើកលែងសហរដ្ឋអាមេរិក) គេសង្កេតឃើញថា ចិនគឺជាទីផ្សារដ៏ធំសម្រាប់រឿងមួយនេះ ព្រោះរកចំណូលពីការចាក់បញ្ចាំងបានច្រើនជាងគេ។ បើតាមរបាយការណ៍ កាលពីចុងខែឧសភា កន្លងទៅនេះ បានឲ្យដឹថា ទឹកប្រាក់រហូតដល់ទៅ ១៣៥លានដុល្លារអាមេរិកទៅហើយ ដែលរកបានតែក្នុងទីផ្សារប្រទេសចិនតែមួយប៉ុណ្ណោះ ដែលវាជាចំណូលមួយដ៏ខ្ពស់បើប្រៀបធៀប ទៅនឹងបណ្តាប្រទេសផ្សេងៗទៀត៕