(ក្រុងឡុងដ៍)៖ វាមានរយៈពេល ៥៥ឆ្នាំមកហើយដែលក្រុមតោកំណាចអង់គ្លេស មិនដែលយកឈ្នះអាល្លឺម៉ង់ក្នុងការប្រកួតពានរង្វាន់ធំៗប្រចាំទ្វីបអឺរ៉ុប Euro និង FIFA World Cup ឡើយ អស់ណាស់ត្រឹមស្មើតែប៉ុណ្ណោះ។
ការជួបគ្នានៅម៉ោង ១១យប់នេះ (ម៉ោងនៅកម្ពុជា) ពីក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានអឺរ៉ុប UEFA Euro 2020 លើកទី១៦ នេះ ជាការព្យាយាមកែប្រែមុខមាត់ និងប្រវត្តិសាស្រ្តផងដែរ ដ្បិតប្រកួតនៅកីឡដ្ឋាន Wembley ស្ថិតក្នុងទីក្រុង London ប្រទេសអង់គ្លេស ដោយមានទស្សនាដល់ទៅជាង ៤ម៉ឺននាក់។
លោក Gareth Southgate គ្រូបង្វឹកអង់គ្លេសបានថ្លែងក្នុងសន្និសីទមុនការប្រកួតទល់នឹងអាល្លឺម៉ង់យបនេះថា «វាពិតជាអស្ចារ្យណាស់ក្នុងការបំបែកកំណត់ត្រាថ្មី»។
លោកថា «វាជាឱកាសដ៏មួយក្នុងការប្រជែងយកកៅអីទៅវគ្គ ៨ក្រុមដែលត្រូវឆ្លងកាត់ក្រុមខ្លាំង និងពោរពេញដោយបទពិសោធដូចជាអាល្លឺម៉ង់នេះក្នុងជំនួបដែលពួកយើងទន្ទឹងរង់ចាំជាយូរមកហើយ។ យើងធ្លាប់និយាយច្រើនហើយពីការឈឺចាប់កាលពី ៤ឆ្នាំមុនពោលគឺ Euro 2016 នៅប្រទេសបារាំង ដែលកីឡាករទាំងអស់នេះមិនស្ថិតក្នុងជម្រើសជាតិលើកនេះឡើយ»។
តែយ៉ាងណាប្រសិនបើអតីតម្ចាស់ជើងឯក Euro ៣សម័យកាលអាល្លឺម៉ង់ចាញ់វិញនោះ អ្វីៗនឹងត្រូវចប់ ដ្បិតពួកគេលេងឈ្នះអង់គ្លេស ៥ដងនៅកីឡដ្ឋាន ក្រៅស្មើ ២ដង ហើយវាក៏ជា ១ប្រកួតចុងក្រោយសម្រាប់គូ្របង្វឹក Joachim Low ជាមួយជម្រើសឥន្រ្ទីដែកមួយនេះ ដែលតំណែងរបស់លោកនឹងត្រូវបានជំនួសដោយលោក Hansi Flick ក្រោយបញ្ចប់យុទ្ធនាការនេះ៕