(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកអស់រយៈពេលជាង ១ខែដោយសារក្រុមជម្រើសជាតិកម្ពុជា ជាប់បេសកកម្មប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 នៅប្រទេសបារ៉ែនកាលពីថ្មីៗ ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជានឹងត្រឡប់មកវិញនាថ្ងៃទី០៣-០៤ ខែកក្កដាចុងសប្ដាហ៍នេះហើយ គ្រាដែលគូពិសេស គឺក្រុមវិសាខា ត្រូវបើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏។

សម្រាប់កម្មវិធីប្រកួតចុងសប្ដាហ៍នេះ គឺមាន ៤ប្រកួតក្នុងសប្ដាហ៍ទី៦ ក្នុងនោះថ្ងៃទី០៣-កក្កដាមាន ៣គូរួមមានក្រុមមិនទាន់ស្គាល់ចាញ់វិសាខា ត្រូវជួបក្រុមខ្លាំងណាហ្គាវើលដ៏នៅកីឡដ្ឋានព្រីសន៍ ខណៈខេត្តព្រៃវែងត្រូវបើកទ្វារផ្ទះទទួលក្រុមការពារតំណែងជើងឯកបឹងកេត និងក្រុមសូលទីឡូអង្គរ ជួបក្រុមនគរបាលជាតិ នៅកីឡដ្ឋាន SRU ខេត្តសៀមរាប។ រីឯ ១គូទៀត គឺក្រុមអគ្គិសនីកម្ពុជា បើកទ្វារផ្ទះទទួលក្រុមភ្ញៀវអាស៊ីអឺរ៉ុប នាថ្ងៃទី០៤-កក្កដា វេលាម៉ោង ៣៖៣០នាទីដូចៗគ្នា។

ប៉ុន្ដែការត្រឡប់មកវិញនៃលីគកំពូលកម្ពុជានេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានធ្វើការកែប្រែកម្មវិធីប្រកួតមួយចំនួន ស្របពេលមានក្លិបមួយចំនួនតូចបានរកឃើញករណីកូវីដ-១៩ កាលពីពេលថ្មីៗកន្លងទៅ។ យ៉ាងណាមិញកម្មវិធីប្រកួតសន្សំពិន្ទុជើងទី១ ត្រូវបានបង្រួមខ្លីជាងមុនបន្ដិច ពោលគឺកម្មវិធីប្រកួតចាស់ដែលគ្រោងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ត្រូវបានរំកិលមកបញ្ចប់ត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វិញ មុនបន្ដការប្រកួតសន្សំពិន្ទុជើងទី២។

ជាមួយការបន្ដការប្រកួតក្នុងបរិបទកូវីដ-១៩ កំពុងរីករាលរាលខ្លាំងនេះដែរ CNCC បានចេញនូវគោលការណ៍ថ្មីមួយទៀតអំពីការធ្វើតេស្ដដល់មន្ដ្រី និងកីឡាករមុនការប្រកួតនីមួយៗ ដោយតម្រូវឲ្យគ្រប់បុគ្គលពាក់ព័ន្ធដែលចូលរួមក្នុងការប្រកួតទាំងអស់ ត្រូវធ្វើតេស្ដរកកូវីដ-១៩ គ្រប់ការប្រកួត ជាជំហានបឋមឲ្យបានមុនពេលចូលទៅក្នុងបរិវេណកីឡដ្ឋាន ដើម្បីហ្វឹកហាត់ផ្លូវការ និងរៀបចំការប្រកួតអំឡុងមុនថ្ងៃប្រកួត ដែលធ្វើឡើងដោយក្រុមគ្រូពេទ្យទៅតាមជំនាញវេជ្ជសាស្ដ្រ។

តាមការបញ្ជាក់របស់ស្ថាប័នទទួលបន្ទុករៀបចំការប្រកួតដដែលបានបន្ដថា ក្នុងការធ្វើតេស្ដខាងលើត្រូវរៀបចំដោយ CNCC ឬក៏សាម៉ីក្លិបជាអ្នករៀបចំ ដោយត្រូវធ្វើឡើងលើមន្ដ្រី កីឡាករ និងក្រុមការងាររបស់ខ្លួននីមួយៗឲ្យបានមុនការប្រកួតមកដល់នៅចន្លោះពេលយ៉ាងយូរ ៧២ម៉ោង និងយ៉ាងតិច ៤៨ម៉ោង មុនថ្ងៃប្រកួត គឺនៅវេលាម៉ោង ៩ព្រឹកជាដាច់ខាត។ ប៉ុន្ដែករណីសង្ស័យមានវិជ្ជមាននៃជំងឺកូវីដ-១៩ CNCC នឹងសម្រេចធ្វើការពន្យារពេលការប្រកួតជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ថា មកទល់ពេលនេះលីគកំពូលកម្ពុជា ទើបដំណើរការប្រកួតបាន ៥សប្ដាហ៍ប៉ុណ្ណោះ ខណៈក្រុមមួយចំនួនប្រកួតបាន ៥ដង និងក្រុមខ្លះប្រកួតបាន ៤ដង។ ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រុមអង្គរថាយហ្គឺរកំពុងឈរកំពូលតារាង និងរកបាន ១៣ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួត ឈ្នះ៤ និងស្មើ១ មិនទាន់ស្គាល់ចាញ់។ រីឯក្រុមភ្នំពេញក្រោន កំពុងឈរលេខ២ និងមាន ១២ពិន្ទុតាមពីក្រោយដោយក្រុមព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ ដែលឈរលេខ៣ និងលេខ៤ រកបាន ៩ពិន្ទុស្មើគ្នា៕