(អាមេរិក)៖ អតីតបុគ្គលិករបស់ TikTok បានទម្លាយអាថ៍កំបាំងដ៏រសើបមួយ នោះគឺកម្មវិធី TikTok ត្រូវបានស្ថិតក្រោម ការ គ្រប់គ្រង់ដោយផ្ទាល់ពីក្រុមហ៊ុនធំនៅក្នុងប្រទេសចិន ByteDance ជាពិសេសគឺគ្រប់គ្រង់ទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋ អាមេរិកថែមទៀតផង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតបុគ្គលិក របស់ ក្រុមហ៊ុន TikTok ដែលបម្រើការងារផ្នែកជ្រើសរើសបុគ្គលិកបានបញ្ជាក់ឱ្យថា ក្រុមហ៊ុន ByteDance ដែល មាន មូលដ្ឋាន នៅក្នុងទីក្រុងប៉េកាំងបានធ្វើការផ្លាស់ប្ដូរម៉ោងធ្វើការរបស់បុគ្គលិក ក្រុមហ៊ុន TikTok ប្រចាំការនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលម៉ោងធ្វើការនោះត្រូវបានផ្លាស់ប្ដូរទៅតាមម៉ោងនៅប្រទេសចិន។

ការផ្លាស់ប្ដូរម៉ោងធ្វើការនេះ ត្រូវបានខាងក្រុមហ៊ុន ByteDance បញ្ជាក់ថា គឺដើម្បីងាយស្រួលក្នុងការឆ្លើយតបទៅនឹង បញ្ហា ឬសំណួរផ្សេងៗពីសំណាក់ក្រុមហ៊ុន ByteDance នៅក្នុងប្រទេសចិន ដែល ចំណុចនេះគឺត្រូវបានបុគ្គលិក និងអតីត បុគ្គលិក TikTok យល់ឃើញថា ByteDance ចាប់ផ្ដើមធ្វើការគ្រប់គ្រង់ TikTok ព្រមទាំងបានស្នើសុំ តារាង បញ្ជី ឈ្មោះ របស់អ្នកប្រើប្រាស់ នៅអាមេរិក។

TikTok គឺជាកម្មវិធីកម្សាន្តមួយ ដែលត្រូវបាន ByteDance ដាក់ឱ្យប្រើប្រាស់ជាសកលកាលពីខែកញ្ញា ឆ្នាំ២០១៧ និងក្រោយមក ByteDance បានទិញ Musical.ly ក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក ព្រមទាំងដាក់រួមបញ្ចូលគ្នា ជា TikTok នៅចុងឆ្នាំ២០១៨ ដោយបានកើនឡើងប្រើនៅអាមេរិករហូតដល់ ៩២លាននាក់។

និយាយជារួម កម្មវិធី TikTok នៅអាមេរិកគឺកន្លងមកមិនស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងពីសំណាក់ក្រុមហ៊ុន ByteDance ពោលគឺស្ទើតែឯករាជ ប៉ុន្តែដោយសារតែថ្មីៗនេះ វាបានក្លាយជាកម្មវិធីដ៏ពេញនិយម និងមានអ្នកប្រើច្រើន នោះ ទើប ByteDance ចាប់ផ្ដើមយកចិត្តទុកដាក់ និងបង្កើនការគ្រប់គ្រង ប៉ុន្តែពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ គឺមិនទាន់ មានការបកស្រាយពីសំណាក់ក្រុមហ៊ុន ByteDance ឡើយ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឱ្យ ហាម ឃាត់ កម្មវិធី TikTok នៅសហរដ្ឋអាមេរិក ដោយបារម្ភពីបញ្ហាសន្តិសុខជាតិ និងបានលើកឡើងថា កម្មវិធី TikTok គឺស្ថិត ក្រោម ការគ្រប់ដោយរដ្ឋាភិបាលចិន៕