(ខូភិនហាជិន)៖ ក្រុមជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះក្រុមជម្រើសជាតិក្រូអាត ក្នុងលទ្ធផល ៥-៣ នៅម៉ោងបន្ថែមនៃវគ្គ ១៦ក្រុមចាញ់-ធ្លាក់ ហើយក៏បានឱកាសឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តនៃការប្រជែងពានរង្វាន់បាល់ទាត់អឺរ៉ុប UEFA European Championship 2020 ដែលមានសហម្ចាស់ផ្ទះដល់ទៅ ១២ប្រទេសផ្សេងគ្នា ដែលការប្រកួតនេះធ្វើឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នាកីឡាដ្ឋាន Parken Park ស្ថិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាក។

ការប្រជែងគ្នាយ៉ាងស្វិតស្វាញពេញ ៩០នាទីក្រុមជម្រើសជាតិក្រូអាត ចំណេញគ្រាប់បាល់នាំមុខមុននៅនាទី២០ ដែលជាការធ្វេសប្រហែសធ្វើចូលទីខ្លួនឯងរបស់អ្នកចាំទីអេស្ប៉ាញ Unai Simon តែក្រុមអេស្ប៉ាញ ក៏រកបានគ្រាប់តាមស្មើមកវិញដោយការស៊ុតរបស់ Pablo Sarabia នៅនាទី៣៨ នឹងការធ្វើបានរបស់ខ្សែការពារ Cesar Azpilicueta នៅនាទី៥៧ ហើយខ្សែប្រយុទ្ធ Ferran Torres ក៏រកបាននៅនាទី៧៧។

ខណៈដែលក្រុមក្រូអាត ក៏ព្យាយាមតាមបានស្មើមកវិញពីការស៊ុតរបស់កីឡាករ Mislav Orsic នៅនាទី៨៥ រួមជាមួយកីឡាករ Mario Pasalic រកបានគ្រាប់តាមស្មើនៅនាទី៩០+៣ ធ្វើឲ្យការប្រកួតម៉ោងបន្ថែម ១៥នាទីពីដង ខណៈក្រុមអេស្ប៉ាញ ក៏រកបានគ្រាប់ជ័យជម្នះដោយកីឡាករ Alvaro Morata នៅនាទី១០០ គ្រាដែលកីឡាករ Mikel Oyarzabal នៅនាទី១០៣។

ដូច្នេះនេះជាការឡើងទៅវគ្គ ៨ក្រុមចុងក្រោយជាបន្តរបស់អតីតជើងឯក ៣សម័យកាលក្រុមជម្រើសជាតិអេស្ប៉ាញ នៃការប្រជែងពាន Euro 2020 ខណៈក្រុមក្រូអាត នៅតែខកចិត្តធ្លាក់ត្រឹមវគ្គ ១៦ក្រុមនេះដូចកាល Euro 2016 ផងដែរ៕