(ខូភិនហាជិន)៖ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត បានយកឈ្នះអេស្ប៉ាញ ៣-២ ពីប្រវត្តិជួបគ្នាចុងក្រោយកាលឆ្នាំ២០១៨ ក្នុងពានរង្វាន់លីគអឺរ៉ុប UEFA Nations League មុនប៉ះគ្នាជាថ្មីនារាត្រីនេះពីក្នុងវគ្គ ១៦ក្រុមចុងក្រោយ Euro 2020។
ជំនួបរវាងក្រឡាអុកក្រូអាត (ក្រូអាស៊ី) និងគោជល់អេស្ប៉ាញ នឹងធ្វើឡើងនាម៉ោង ១១៖០០នាទីយប់ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Parken Park ស្ថិតក្នុងទីក្រុង Copenhagen ប្រទេសដាណឺម៉ាកនៃវគ្គចាញ់-ធ្លាក់នៃការប្រកួតការប្រកួតទី៤១ ក្នុងចំណោម ៥១ប្រកួតសម្រាប់ជើងឯកអឺរ៉ុបលើកទី១៦នេះ។
ក្រូអាត និងអេស្ប៉ាញធ្លាប់មានប្រវត្តិជួបគ្នាសរុប ៨ដង ដោយក្នុងនោះអេស្ប៉ាញធ្លាប់យកឈ្នះ ៤ដង និងចាញ់ ៣ដង ក្រៅពីស្មើ ១ដងមានទាំងការប្រកួតមិត្តភាពអន្តរជាតិ ពាន UEFA European Championship និងពាន UEFA Nations League ជាដើម។
អេស្ប៉ាញ ជាអតីតក្រុមជើងឯកពានអឺរ៉ុប Euro ៣សម័យកាលច្រើនជាងគេដូចទៅនឹងអាល្លឺម៉ង់ផងដែរ ដ្បិតពួកគេជាក្រុមលេខ២ ចេញពីពូល E ដោយលេង ៣ប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ ១ដង និងស្មើ ២ដង ត្រូវជួបក្រូអាតដែលជាក្រុមលេខ៣ ល្អចេញពីពូល D ដែលមិនធ្លាប់ឈ្នះពាននេះទេពីការលេង ៣ប្រកួត ឈ្នះ១ ចាញ់ និងស្មើ១។ ក្រឡាអុកក្រូអាត ជាក្រុមរងជើងឯក FIFA World Cup 2018 ដោយបានទម្លាក់អង់គ្លេសចេញពីវគ្គ ៤ក្រុមចុងក្រោយក្នុងនាទីបន្ថែម ១៥នាទី ២ដង៕